កម្ពុជាដាក់សម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប “SKO” និង អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK”ដើម្បីជំរុញការនាំចេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី​សម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK”, និងវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច” ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, រាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក Mohammad Shahroz Jail ប្រធានក្រុមគម្រោង CAVAC លោក Anthony Samson លេខាទី ២ នៃតំណាងស្ថានទូត អូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំអអង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រហូតសម្រេចបានការចុះបញ្ជីម៉ាក​សមូហ​ភាពអង្ករ​ទាំងពីរនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្រសួងពាណិជ្ជកម្ម បន្ថែមលើម៉ាកអង្ករក្រអូបប្រណិតដែលបានចុះបញ្ជីរួចមក​ហើយ ដែលម៉ាកសមូហភាពទាំងពីរនេះបានសបញ្ជាក់ឱ្យឃើញនូវការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជានៅ​គ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំគ្រាប់ពូជរហូតដល់ផលិតផលនៅទីផ្សារ។

លោករដ្ឋមន្ត្រីបន្តថា ពូជស្រូវសែនក្រអូបបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវ ដែលអនុញ្ញាតឱ្យកសិករយើងដាំដុះបានរហូតដល់០៣ដងក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើស​មួយថ្មី​សម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀតនៅក្នុងទីផ្សារអន្តរជាតិ។

ផ្អែកតាមទិន្នន័យដែលទទួលបាន សម្រាប់ ០៥ខែដំបូង ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា សម្រេចបានប្រមាណ ២៨៣ ៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះអង្ករក្រអូបប្រភេទសែនក្រអូបមាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។

លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំជំរុញបើកច្រកទីផ្សារ​សម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផល​គួរឱ្យ​កត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗ។

 

លើសពីនេះ ក្រសួងបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចំបាច់ ក្នុងការជួយគាំទ្រដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែង​កាន់តែប្រសើរឡើង តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ជាដើម។ល។ ជាក់ស្តែង នៅឆ្នាំ២០២១ និងដើមឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្មចូលរួម​ពិព័រណ៍ពិភពលោកទីក្រុងឌុយបៃនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលពេលនោះ ក្រសួងបានយកអង្ករក្រអូបប្រណិត​កម្ពុជា ម៉ាក «ម្លិះអង្គរ» ទៅដាក់តាំងបង្ហាញ ដាក់ចម្អិនជាអាហារសម្រាប់ទិវាជាតិកម្ពុជា និងប្រើប្រាស់ជាកាដូរអនុស្សាវរីយ៍ផ្តល់ជូនដល់ភ្ញៀវចូលទស្សនាផងដែរ។

លោករដ្ឋមន្ត្រី បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK” ជូនឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងប្រគល់លិខិតថ្លែងអំណរគុណដល់អង្គការដៃគូអភិវឌ្ឍន៍ ដែលមានស្នាដៃក្នុង​ការចូលរួមអភិវឌ្ឍន៍វិស័យអង្ករកម្ពុជា ព្រមទាំងប្រកាសបើកវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច”។

បន្ទាប់ពីបញ្ចប់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី និងគណៈអធិបតី បានអញ្ជើញទស្សនាស្តង់ពិព័រណ៍អង្ករក្រអូបនៃពូជស្រូវសែនក្រអូប ០១ ពាក់ម៉ាកសមូហភាព “SKO” និងអង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល ពាក់ម៉ាកសមូហភាព “DSMK” ដែលបានដាំដុះ នៅតាមបណ្តាខេត្តផ្សេងៗ និងផលិតផលកសិកម្មផ្សេងៗទៀត ផងដែរ៕