ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ក្នុងគោលបំណង ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍រួម បង្កើតឯករាជ្យភាព ពង្រឹងភាពប៉ាន់ប្រមាណបាននិងពង្រឹងស្ថិរភាពនៃវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជាដើម្បីបន្តការលើកកម្ពស់អភិវឌ្ឍន៍វិស័យនេះប្រកបដោយចីរភាពបរិយាបន្ន។
នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» លោក ផាន់ ផល្លា រដ្ឋលេខធិការនៃក្រសួងសេដ្ឋកិច្ច បានលើកថា ចក្ខុវិស័យធំសម្រាប់ការរៀបចំយុទ្ធសាស្ត្រនេះ គឺ ដើម្បីអភិវឌ្ឍន៍វិស័យយកាត់ដេរ ផលិត ស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅជាឧស្សាហកម្មមួយ ដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់ មានលក្ខណៈពិសេស និងមានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា នៅមុនដំណាច់ឆ្នាំ២០២។
លោកបានបន្ថែមថា ក្រសួងសេដ្ឋកិច្ច នឹងដាក់ចេញវិធានការជាយុទ្ធសាស្ត្រចំនួន៥ ដើម្បីសម្រេចចក្ខុវិស័យនិងបានគោលបំណងទាំងនេះរួមមាន ទី១បន្តពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាពនិងបង្កើតគន្លងអាជីពសម្រាប់កម្មករ ទី២ បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករ ទី៣ លើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេសដែលមានតម្លៃបន្ថែមខ្ពស់ និងផ្តោតលើផលិតផលថ្លៃខ្ពស់ មានលក្ខណៈពិសេស ទី៤ ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មតភ្ជាប់ និងទី៥ ជម្រុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងកាបូប។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នេះជាយុទ្ធសាស្ត្រដំបូង សម្រាប់ជំរុញការអភិវឌ្ឍវិស័យនេះ ឱ្យឆ្ពោះទៅរកភាពរីកចំរើននាពេលបច្ចុប្បន្ន និងអនាគត។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្នុងរយៈពេលមធ្យម និងវែង វិស័យកាត់ដេរ នឹងនៅតែបន្តជាជន្ទល់សេដ្ឋកិច្ច ប្រកបដោយសក្តានុពលតាមរយៈការពង្រីក និងពង្រឹងមូលដ្ឋានឧស្សាហកម្មក្នុងស្រុកសម្រាប់ការនាំចេញ និងការចូលរួមតភ្ជាប់សេដ្ឋកិច្ចទៅនឹងខ្សែច្រវ៉ាក់តម្លៃតំបន់ និងសកល ដោយឈរលើកត្តាឧត្តមភាព ប្រកួតប្រជែង»៕