កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ «ម៉ូដឺណា»ជាង១៨ម៉ឺន ដូស ពីមជ្ឈមណ្ឌលកូវ៉ាក់

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ «ម៉ូដឺណា (Moderna)» ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក ប្រមាណ ១៨៨,១៦០ដូស បានដឹកមកដល់ប្រទេសកម្ពុជាហើយកាលល្ងាចថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ នេះបើយោងតាមការសរសេររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនសរសេរកាលពីល្ងាចថ្ងៃដដែលនេះ។

បើយោងតាមការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វ៉ាក់សាំងនេះ គឺជាជំនួយ​របស់​មជ្ឈ​មណ្ឌល​កូវ៉ាក់ (COVAX Facility) ។ មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្ត​ការអន្តរជាតិ​មួយ ត្រូវបានបង្កើត​ឡើង​ក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និង​អង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះថា៖«ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបាន​មជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ប្រមាណ ៦.៦លានដូស​មកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។ មកដល់ពេលនេះវ៉ាក់សាំងប្រមាណជិត ៣លានដូសហើយ ដែលកូវ៉ាក់ បានបញ្ជូនមកដល់ប្រទេសប្រទេសកម្ពុជា»។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា រកបានវ៉ាក់សាំង​សរុបជាង ៤០លានដូស។ ក្នុងនោះជាង ៣០លានដូសជាវ៉ាក់សាំង ដែលកម្ពុជា បានបញ្ជាទិញពី​ប្រទេសចិន៕