កម្ពុជានឹងជម្រុញការលក់ផលិតផលខ្មែរទៅក្រៅប្រទេសកាន់តែច្រើនឡើង

ភ្នំពេញៈ រដ្ឋា​ភិបាល​កម្ពុជា​តាម​ក្រសួង​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្តេជ្ញា​ជំរុញ​ការ​លក់​ផលិត​ផល​ខ្មែរ​ដែល​មាន​សក្តា​នុពល​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ក្នុង​បរិបទ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​។​

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ាន សូរស័ក្តិ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​លើកទី​១ នៃ​ក្រុម​ការងារ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ និង​ជំរុញ​ការ​លក់​ផលិត​ផល​ខ្មែរ​នៅ​ក្នុង​ប្រទេសនិង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ កាលពី​ថ្ងៃទី ៣០ ខែ​សីហា។​

ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​បាន​លើក​ឡើង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ ក្នុង​កិច្ច​ការ​ជំរុញ​ចរាចរ​ផលិត​សក្តានុពល​របស់​កម្ពុជា​ទាំង​លើ​ទីផ្សារ​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ នាពេល​កន្លង​មក​ តាម​រយៈ​ការ​ដាក់​ចេញ ​និង​ចូល​រួម​អនុវត្ត​នូវ​គោល​នយោបាយ ​និង​យុទ្ធ​សាស្រ្ត​។​

លោក​រដ្ឋ​មន្រ្តី ​បាន​ឱ្យដឹងទៀត​ថា​ ក្រសួង​បាន​និង​កំពុង​បន្ត​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​តាម​រយៈ​ការ​កសាង​ច្បាប់ ​និង​បទ​ដ្ឋាន​គតិ​យុត្ត​ ក្នុង​នោះ​ មាន​ច្បាប់​ស្តីពី​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេទ្បិច​ត្រូនិក​ ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ និង​ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រជែង​ ជាដើម​ ហើយ​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​នៃ​អគ្គ​នាយក​ដ្ឋាន​ការ​ពារ​អ្នក​ប្រើ​ប្រាស់ ​កិច្ចការ​ប្រកួត​ប្រជែង​ និង​បង្រ្កាប​ការ​ក្លែង​បន្លំ​ និង​ការ​បង្កើត​ក្រុម​ការងារ​ជា​សសរស្តម្ភ​ក្រោម​ក្រសួង​ពាណិជ្ជ​កម្ម​។

ព្រម​ទាំង ការ​ដាក់​ដំណើរ​ការ​គម្រោង​ឌីជីថល ​Go4Cam ​និង​ Cambodia​Trade.com ​ដើម្បី​តភ្ជាប់​ទៅ​នឹង​សហ​គ្រាស​មីក្រូ​ តូច​ និង​មធ្យម​។​ ពិសេស​ការ​ចរចា​បង្កើត​ទីផ្សារ​បន្ថែម​តាម​រយៈ​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរីទ្វេ​ភាគី​ និង​តំបន់​ ដូចជា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ភាព​ជា​ដៃ​គូ​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP)​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-ចិន​ (CCFTA)​ កម្ពុជា​-កូរ៉េ ​(CKFTA)​ និង​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរី​ទ្វេភាគី​មួយ​ចំនួន​ទៀត​។

លើសពីនេះ ក្រសួង​បន្ត​អនុវត្ត​យុទ្ធនា​ការ​លើក​ស្ទួយ​ផលិត​កម្ពុជា​តាម​រយៈ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​(​តាម​អនឡាញ​)​ ដើម្បី​ជំរុញ​ផលិត​ផល​ជាតិ​ក្នុង​អំទ្បុង​ពេល​បិទ​ខ្ទប់​។

លោក​ថ្លែង​ថា៖ «តាម​រយៈ​ការ​បន្ត​អនុវត្ត​នូវ​យន្ត​ការ​ខាង​លើ​នេះ ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​បង្កើត​ក្រុម​ការងារ​នេះ​ទ្បើង​ ដើម្បី​ចូល​រួមដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​កាន់​តែ​រលូន ​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ សំដៅ​ជំរុញ​ការ​លក់​ផលិត​ផល​ខ្មែរ​ទាំង​លើ​ទី​ផ្សារ​ក្នុង​ស្រុក ​និង​ការ​នាំចេញ​ទៅ​ក្រៅប្រ​ទេស​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​»។

ក្រុមការងារ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចម្បង ដើម្បី​ ជួយ​ដល់​ប្រជា​កសិករ​ក្នុង​ការ​ដាក់​លក់​ផលិត​ផល​នៅ​លើ​ទី​ផ្សារ​ក្នុង​ស្រុក ​និង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ និង​ជួយ​ដល់​អ្នក​ប្រើប្រាស់​ សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទទួល​បាន​ទំនិញ​ប្រកប​ដោយ​គុណ​ភាព ​និង​ក្នុង​តម្លៃ​កាន់​តែ​ប្រសើរ ​ព្រមទាំង​​ជួយ​ដល់​ក្រុមហ៊ុន​ធុរកិច្ច​ និង​អាជីវ​កម្ម​នានា ​ដើម្បី​អាច​ធ្វើ​ពាណិជ្ជ​កម្ម​បាន​យ៉ាង​រលូន ​និង​មាន​ភាព​ប្រកួត​ប្រជែង ​អនុលោម​តាម​ច្បាប់​ និង​បទ​ដ្ឋាន​គតិ​យុត្ត​ជាធរមាន​។

លោក​រដ្ឋ​មន្រ្តី​ បាន​អះអាងថា  ដើម្បី​ពង្រឹង​ប្រសិទ្ធិ​ភាពលើ​កិច្ចការ​នេះ លោក​បាន​​ផ្តល់​អនុសាសន៍​ណែនាំ​មួយ​ចំនួ​ន​ ដល់​ក្រុម​ការ​ងារ​ដើម្បី​ជា​ទិស​ដៅ​អនុវត្ត​ រួមមាន ក្រុម​ការងារ​តាម​វិស័យ​នីមួយៗ​ ត្រូវ​បន្ត​សហការ​ និង​គាំទ្រ​គ្នា ​(cross​-learning)​ ដើម្បី​អាច​ឱ្យ​ការងារ​កាន់​តែ​មាន​ភាព​ប្រទាក់​ក្រទ្បាគ្នា​ និង​បំពេញ​បន្ថែម​គ្នា​ទៅ​វិញ​ទៅ​មក​។

​អនុវត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​អនុសាសន៍​ណែនាំ ​និង​ពិសេស ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា ​ដោយ​ក្នុងបរិការណ៍​នេះ ​គ្រប់​សមាជិក​នៃ​ក្រុម​ការងារ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ឆ្លង​កាត់ ​និង​ដោះ​ស្រាយ​បញ្ហា​នានា​ក្នុង​អំទ្បុង​ពេល​នៃ​វិបត្តិកូវីដ១៩​ហើយ​បរិយា​កាស​ទីផ្សារ​មាន​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័សដែល​បង្កទ្បើង​ដោយ​ភាព​មិន​ប្រាក​ដប្រជា​នៃ​វិបត្តិ​ជំងឺ​ឆ្លង​ និង​ការ​ប្រកួត​ប្រជែង​គ្នា​នៃ​មហា​អំណាច​សេដ្ឋកិច្ច​៕

Leave a Reply

Your email address will not be published. Required fields are marked *