កម្ពុជានឹងដាក់ដំណើការប្រព័ន្ធចុះបញ្ជី​តាមថ្នាលបច្ចេកវិទ្យា (Single Portal) ដំណាក់កាលទី២ស្អែកនេះ

ភ្នំពេញៈ​រដ្ឋា​ភិបាល​កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវ​កម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័​ត៌​មាន (Single​ Portal)ដំណាក់​កាល​ទី​២ ជា​ផ្លូវ​ការ​ នៅថ្ងៃ​ទី​១ ​ខែ​កញ្ញា ​ឆ្នាំ​២០២១​។​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួង​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា កម្ម​វិធីនេះ​ ក្រោម​អធិបតិភាព​លោក ​អូន​ ព័ន្ធ​មុនីរ័ត្ន​ ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្រ្តី​​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ និង​មាន​ការ​ចូល​រួម​ពី​ក្រសួង​-ស្ថាប័ន​ សមាគម ​អង្គការ​សង្គម​ស៊ីវិល​ ដៃគូ​អភិវឌ្ឍន៍ ​ស្ថានទូត ​និង​គ្រឹះ​ស្ថាន​សិក្សា​មួយ​ចំនួន​ទៀត​។​

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ​ក្នុង​ដំណាក់​កាល​ពី២​នេះ ​ប្រព័ន្ធ​នេះ​នឹង​ពង្រីក​វិសាលភាព​ដល់​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ ឬ​លិខិត​អនុញ្ញាត​ផ្សេងៗ​តាម​អនឡាញ​ទៅ​តាម​សកម្ម​ភាព​អាជីវកម្ម​ពីក្រសួង​-ស្ថាប័ន​ជំនាញ​ដែល​មាន​តួនាទី​ត្រួត​ពិនិត្យ​ផ្នែក​បច្ចេក​ទេស​តាម​វិស័យ​។ ​ក្រសួង​-ស្ថាប័ន​ទាំង​ ៤​ រួម​មាន​ ក្រសួង​ឧស្សាហ​កម្ម​ វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា ​និង​នវានុវត្តន៍​ ក្រសួង​ទេសចរណ៍​ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​និង​និយ័ត​ករ​អាជីវ​កម្ម​អចលនវត្ថុ​ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវាកម្ម​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ដែល​ទើប​នឹង​បង្កើត​កាល​ថ្មីនេះ​។​

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖«​នេះ​គឺ​ជា​ការ​កែ​ទម្រង់​មុត​ស្រួច ​ជា​កញ្ចប់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បា​​នដាក់​ចេញ ​ក្នុង​វេទិកា​រា​ជ​រដ្ឋា​ភិបាល​-ផ្នែក​ឯ​កជន​លើក​ទី១៨ ​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មីនា ​ឆ្នាំ​២០១៩​ កន្លង​ទៅ​»។

រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​ការ​ចុះ​បញ្ជី​អាជីវ​កម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​(Single​ Portal) កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​មិថុនា​ ឆ្នាំ​ ២០២០​។​ ក្រសួង​ និង​ស្ថាប័ន​រដ្ឋ​ចំនួន​ ៦​ ដែល​ចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ​នេះ ​រួម​មាន​ក្រសួង​មហា​ផ្ទៃ ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ក្រសួង​ពាណិជ្ជ​កម្ម​ និង​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ​និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមិថុនាដែល​មាន​រយៈ​ពេល​១ឆ្នាំ​គត់ ​ពាក្យ​ស្នើសុំ​ចំនួន​ ៦ ១៦៤ ​ត្រូវបាន​អនុម័ត​ជាមួយ​នឹង​ទំហំ​ដើមទុន​សរុប​ ២ ៦៣១ ​លាន​ដុល្លារ​។នេះបើតាម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​៕

Leave a Reply

Your email address will not be published. Required fields are marked *