កម្ពុជានឹងធ្វើការកែប្រែរូបមន្តថ្លៃលក់រាយប្រេងឥន្ធនៈ

ភ្នំពេញ៖ អន្តរក្រសួង សម្រេច​ចេញប្រកាស​ស្តីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ដើម្បីឱ្យ​ថ្លៃ​ប្រេងឥន្ធនៈ​ឡើង​ចុះ​តាម​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ ដោយ​ឱ្យ​អនុវត្ត​តែ​ទៅលើ​ការ​លក់រាយ​ប្រេងឥន្ធនៈ​ប៉ុណ្ណោះ។

ក្រសួង​ចំនួន៣ រួមមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ,ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានចេញ​ប្រកាស​អន្តរក្រសួង ដែលមាន១២ប្រការ ដោយ​ខ្លឹម​សារសំខាន់​នៃ​ប្រកាស​នេះ គឺ​ការកំណត់​យក​រយៈពេល​ដាក់​តម្លៃ​ប្រេងឥន្ធនៈ​ពី១៥ថ្ងៃ មក​ត្រឹម១០ថ្ងៃ​វិញ ។នៅក្នុង​នោះដែរ​នៅ​ប្រការ៤នៃ​ប្រកាស​នេះ បាន​បញ្ជាក់ថា នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ឯន​ជន នៃ​ក្រសួងពាណិជ្ជកម្ម ត្រូវ​គណនា​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា និង​ចេញថ្លៃ​លក់រាយ​ជូន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​រៀងរាល់​ថ្ងៃទី០១ ,ទី១១ និង​ទី២១ នៃ​ខែនីមួយ។

យោងតាម​ប្រកាស​អន្តរក្រសួង​ថ្មី​នេះ ក្រសួងពាណិជ្ជកម្ម អាច​ចេញ​សេចក្តីជូនដំណឹងភ្លាមៗ ដោយ​កំណត់ឱ្យ​ចេញថ្លៃ​លក់រាយ​ជូន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ក្នុង​រយៈពេល១០ថ្ងៃ ឬ១៥ថ្ងៃ ម្តង តាម​ការចាំបាច់​ដើម្បី​ឱ្យមាន​សមាមាត្រ​គ្នា​រវាង​តម្លៃ​ប្រេងឥន្ធនៈ​នៅលើ​ទីផ្សារ​អន្តរជាតិ និង​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា ដើម្បី​រក្សា​ស្ថិរភាព​ផ្គត់ផ្គង់​ប្រេង​នៅ​កម្ពុជា។

នៅក្នុង​ប្រកាស​អន្តរក្រសួង​ថ្មី​នេះ បានបញ្ជាក់​ទៀតថា គ្រប់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាំងអស់ ត្រូវមាន​យ៉ាងតិច​នូវ​ផលិតផល​ប្រេងសាំង​ធម្មតា​និង​ប្រេងម៉ាស៊ូត សម្រាប់​លក់​ជាប្រចាំ ហើយ​មិន​អនុញ្ញាតឱ្យ​លក់​ប្រេង​ស៊ុប​ពែរ​តែមួយ​មុខ​នោះទេ ។ក្នុងករណី​ល្មើ​សនឹង​ប្រកាស​នេះ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់ ៤លាន​រៀល ហើយ​បើ​នៅ​បន្ត​ប្រព្រឹត្តល្មើស ក្រសួង​នឹង​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​បណ្តោះអាសន្ន៕