កម្ពុជា​នឹងបើក​បើក​ការ​ដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុភារកម្ម​ភ្នំពេញនៅ​ឆ្នាំ​ក្រោយ

ភ្នំពេញៈ រាជ​រដ្ឋា​ភិបាល​គ្រោងនឹង​បើក​ការ​ដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុភារកម្ម​ភ្នំពេញ​(PPLC)នៅ​ឆ្នាំ​ក្រោយ ​ដែល​ជា​តភ្ជាប់​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​។

ការ​បង្ហើប​ពី​ផែនការ​នេះ​ត្រូវ​ធ្វើ​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោ​បល់​ដឹក​នាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​(MPWT)​ ​លោក ​ស៊ុន​ ចាន់ថុល ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​(Stakeholder Consultation)​ស្តីពី​ការ​រៀប​ចំ​ផែន​ការ​មេ​ស្តីពី​«ការ​តភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ ​និង​ភស្តុភារ​កម្ម»កាល​ពី​ថ្ងៃទី ​១៧ ​ខែ​មិថុនា ​ឆ្នាំ​នេះ​។​

ក្នុង​ជំនួបនេះ ​លោក ​ស៊ុន​ ចាន់​ថុល​ ថ្លែងថា​ ការ​ពិគ្រោះ​យោបល់​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ប្រមូល​ធាតុ​​ចូល​បន្ថែម​​មុន​នឹង​ដាក់​ឆ្លង​ទៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ពិនិត្យ​និង​សម្រេចដោយ​លោកបង្ហាញ​ក្តី​សង្ឃឹម​ថា​​កម្ពុជា​នឹង​អាច​បើក​ការ​ដ្ឋាន​សាង​សង់​ PPLC នៅ​​ឆ្នាំ ​២០២២​។​

លោករដ្ឋមន្រ្តី​ថ្លែងថា៖«យើង​សង្ឃឹម​ថា​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ​នៅ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​យើង​អាច​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន​YCH​របស់​សឹង្ហបុរី​និង​ឈាន​ទៅ​បើក​ការ​ដ្ឋាន​សាង​សង់​មជ្ឈ​មណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញនេះ​បាន​»។

នៅ​ថ្ងៃទី​ ១០ ​ខែ​ កញ្ញា ​ឆ្នាំ​ ២០២០​ ទាំង​ MPWT​និង​ YCH ​បាន​ចាប់​ផ្តើម​ការ​ពិភាក្សា​លើ​គម្រោង ​PPLC​ នេះ​ដែល​មាន​ទីតាំង​នៅ​លើ​ដី​ ៩៨​ ហិកតា ​ក្នុង​ឃុំ​សំរោង​ក្រោម ​ខណ្ឌ​ដង្កោ ​នៅ​ប៉ែក​ខាង​លិច​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​។

លោក​ ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹតទៀតថា ការ​​ពិភាក្សា​គ្នា​នេះ​បាន​ផ្តោត​ទៅ​លើ​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ផែនការ​មេ ​២​គឺ ​ផែន​ការ​មេ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស ​និង​ផែនការ​មេដឹក​ជញ្ជូន​ពហុ​មធ្យោបាយ ​និង​ភស្តុភារកម្ម​ដើម្បី​ឱ្យ​មាន​ភាព​គ្រប់​ជ្រុង​ជ្រោយ ​និង​អាច​យក​ទៅ​អនុវត្ត​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទាក់​ទាញ​ការវិនិយោគ និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​។

លោក​ថ្លែង​ទៀត​ថា​៖​«យើង​នឹង​កោះ​ប្រជុំ​គណៈ​កម្មាធិកា​ជាតិ​ភស្តុភារ​កម្ម​នៅ​សប្តាហ៍​ក្រោយ​ មុន​នឹង​ដាក់​ទៅ​គណៈ​រ​ដ្ឋ​មន្ត្រី​ ដើម្បី​ស្នើ​សុំ​ការ​អនុម័ត​លើ​ផែន​ការ​មេ​ស្តីពី​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុម​ធ្យោបាយ​ និង​ភស្តុភារ​កម្ម​»។

កាល​ពី​ថ្ងៃទី​ ៤​ ខែមីនា ​ឆ្នាំ ​២០២១ ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​ជាមួយ​ក្រុមហ៊ុន​YCH ​ដែល​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​Infrastructure​ Asia ​(IA)​ដើម្បី​សិក្សា​គម្រោង​អភិវឌ្ឍ​មជ្ឈ​មណ្ឌល​ភស្តុភារកម្ម​ភ្នំពេញ​ក្នុង​រយៈ​ពេល​៩​ខែ​ ដើម្បី​ឈាន​ទៅ​រក​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​សម្បទាន​ដើម្បី​អនុវត្ត​គម្រោង​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *