កម្ពុជានឹងអភិវឌ្ឍន៍ឆ្នេរភក់នៅកែប​ឱ្យក្លាយទៅជាឆ្នេរកម្រិតខ្ពស់ដើម្បីទាក់ទាញទេសចរ

ភ្នំពេញៈ​រាជ​រដ្ឋា​ភិបាល​បាន​សម្រេច​អនុវត្ត​គម្រោង​កែលម្អ​ឆ្នេរ​ភក់​ទៅ​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ប្រវែង​ ២ ៧០០ ​ម៉ែត្រ ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​កាន់​តែ​ច្រើន​នៅខេត្ត​កែប​។​

គម្រោង​នេះ​នឹង​អនុវត្ត​ចាប់​ពី​ផ្សារ​ក្តាម​ទៅ​ដល់​ព្រៃ​កោង​កាង ​ស្ថិត​នៅ​ភូមិ​ថ្មី ​សង្កាត់​ព្រៃធំ ​ក្រុង​កែប ​ខេត្ត​កែប​។

សេចក្តី​ប្រកាស​ព័ត៌មា​ន​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង ​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​(គ.អ.ឆ.ក.) ​បាន​ឱ្យ​ដឹង​ថា ​គ.អ.ឆ.ក. ​រៀប​ចំ​កែ​លម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ​ដែល​មាន​ទទឹង​ប្រវែង​យ៉ាង​តិច ​៣០​ម៉ែត្រ ​និង​បណ្តោយ​ប្រវែង ​២៧០០​ម៉ែត្រ​ដោយ​ការ​រៀប​ចំ​គ្រឹះ ​និង​ចាក់​ ខ្សាច់​ស​ល្អសម្រាប់​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​។

គម្រោង​នេះ​ក៏​នឹង​រៀបចំ​សួន​ច្បារ​សាធារណៈ ​និង​ដាំ​ដើម​ឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ​ដែល​មាន​ទទឹង​ប្រវែង​ ៥០​ម៉ែត្រ ​និង​បណ្ដោយ​ប្រវែង​ ២ ៧០០​ម៉ែត្រ ​ដោយ​ការ​រៀបចំ​គ្រឹះ ​និង​ចាក់​ដី​មាន​ជី​ជាតិ​ល្អ​សម្រាប់​សួនច្បារ​និង​ការ​ដាំ​ដើម​ឈើ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ​ថវិកា​សម្រាប់​ការ​រៀបចំ​កែលម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ ​សួនច្បារ​សាធារណៈ​ និង​ដាំ​ដើម​ឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជា​ការ​ចូល​រួម​របស់​ម្ចាស់​ដី​នៅ​ជាប់​ឆ្នេរ​សមុទ្រ ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដីប្រវែង ​៥០​ម៉ែត្រ ​បន្ត​ពី​ព្រំ​ដី​កម្ម​សិទ្ធិ ​ឆ្ពោះ​ទៅ​សួន​ច្បារ​។

គម្រោង​នេះ​នឹង​ពង្រីក​ឆ្នេរ​ខ្សាច់​កាន់​តែ​ធំ​ទូលាយ​បន្ត​ពី​សួន​ច្បារ​សំដៅ​​លើក​កម្ពស់​សោភ​ណភាព ​និង​បរិស្ថាន​ប្រែក្លាយ​ពី​តំបន់​ដែល​មិន​មាន​ការ​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ ​មាន​វិសាល​ភាព​ធំ ​ទូលាយ ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ ​បង្កើត​មុខរបរ​ជូន​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន ​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​ រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​ ក៏ដូចជា ​សេដ្ឋ​កិច្ច​ជាតិ​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

បច្ចុប្បន្ន​ខេត្ត​កែប​មាន​ឆ្នេរ​តែ​ ១ ​គត់​មាន​ប្រវែង​ត្រឹម ៣៥០ ម៉ែត្រ​ ហើយ​ខេត្ត​កែប​មាន​កោះ​ចំនួន ១២ និង​ថ្ម​ប្រប្រាស់ទឹក​ចំនួន ១ ដែល​ជា​តំបន់​សក្តា​នុពល​ទេចរណ៍​ឆ្នេរ​សមុទ្រ​ ៕