កម្ពុជាបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេស​ចរណ៍​សៀមរាប-អង្គរ (គ.អ.ទ.ស)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេស​ចរណ៍​សៀមរាប-អង្គរ (គ.អ.ទ.ស) ដើម្បីអនុវត្តការងារ​សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅ​ទេសចរណ៍​​ខេត្ត​សៀម​រាប ដោយត្រូវអនុវត្ត​តាមផែន​ការ​មេអភិវឌ្ឍន៍ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ២០២១​​-២០៣៥ ។

យោងតាមអនុក្រិត្យរបស់រដ្ឋាភិបាល គណៈកម្មការនេះ(គ.អ.ទ.ស)  ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេច​បង្កើតឡើង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ​ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការ​អភិវឌ្ឍ​គោលដៅទេសចរណ៍ខេត្តសៀមរាប និងត្រូវអនុវត្តតាមផែនការមេអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

គោលដៅទេសចរណ៍អាទិភាព ចំនួន៦ ដែលនឹងស្ថិតនៅក្រោមការគ្រប់គ្រងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេស​ចរណ៍​សៀមរាប-អង្គរ (គ.អ.ទ.ស) រួមមាន តំបន់ឧទ្យានជាតិភ្នំគូលែន, តំបន់ទេស​ចរណ៍​ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី,តំបន់បេតិកភណ្ឌអង្គរ, តំបន់ក្រុងសៀមរាប, តំបន់បឹង​ទន្លេ​សាប និង តំបន់ទេសចរណ៍សៀមរាបថ្មី។

​ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ២០២១-២០៣៥ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១ តាម​រយៈ​ប្រព័ន្ធ​អនឡាញ​ ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច បាន​បង្ហាញ​ការ​ជឿ​ជាក់​ថា ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ​២០២១-២០៣៥ នឹង​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ជា​ពិសេស​នៅ​ខេត្ត​សៀមរាប សំដៅ​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណ​ភាព​សុវត្ថិ​ភាព និង​ចីរ​ភាព ព្រម​ទាំង​ជួយ​ទ្រទ្រង់​ដល់​ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩។

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរនេះ មាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច ជាប្រធាន និងមានអនុប្រធាន៣រូប លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធាន និងសមាជិកមកពីក្រសួងស្ថាប័នដទៃទៀត។​

តាមរយៈ​ផែនការ​មេនេះ ក្រសួងទេចរណ៍រំពឹងថា ខេត្ត​សៀមរាប​រំពឹង​នឹង​អាច​ទាក់​ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ​បាន ១០,៩ លាន​នាក់​នៅ​ឆ្នាំ ២០២៣ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៧,៥ លាន​នាក់​នៅ​ឆ្នាំ ២០២៥។ តាម​រយៈ​នេះ រដ្ឋាភិបាល​ក៏​មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យ​បាន ៩៤ ម៉ឺន​នាក់ និង​ប្រាក់​ចំណូល​ហូរ​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​ប្រមាណ ៦ ពាន់​លាន​ដុល្លារ៕