កម្ពុជាបញ្ជាក់ជំហររបស់ខ្លួនក្នុងការអនុវត្តលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរ

ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចសន្យា​ជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣  បានដឹកនាំគណៈកម្មការជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយនឹងសមាគមសម្លៀកបំពាក់ និង​ស្បែកជើងអាម៉េរិក (AAFA) និងក្រុមហ៊ុន VF Corporation ដើម្បីជម្រាបអំពីស្ថានភាពជាក់ស្តែង និង​លទ្ធផល​នៃការស៊ើបអង្កេតលើករណីសង្ស័យមានការ​ប្រើប្រាស់​ពលកម្មដោយបង្ខំផលិតនូវផលិតផលសម្រាប់​នាំចេញ ។

លោក សុខ សុភ័ក្រ្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្កាមិន​ឱ្យមានការប្រើប្រាស់ពលកម្មដោយបង្ខំនៅកម្ពុជា ហើយក៏បានយកចិត្តទុកដាក់ផងដែរ ចំពោះការព្រួយបារម្ភ​របស់សមាគម AAFA និង VF Corporation ដែលសង្ស័យថា មានការប្រើប្រាស់ពលកម្មដោយបង្ខំនៅកម្ពុជា​ដើម្បី​ផលិតទំនិញនាំចេញ តាមរយៈការរៀបចំឱ្យមានគណៈកម្មការអន្តរក្រសួងតាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១កន្លងទៅ ហើយបានកែសម្រួលសមាសភាពគណៈកម្មការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយពង្រីកវិសាលភាពការងារ និងបន្ថែមសមាជិកជាន់ខ្ពស់ មកពីក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកការស៊ើបអង្កេតជាពិសេស លើករណីសង្ស័យថា​មានការប្រើប្រាស់ពលកម្មដោយបង្ខំ ដែលផ្ទុយនឹងមាត្រាច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ផងដែរអំពីកាតព្វកិច្ចដែលកម្ពុជាត្រូវអនុវត្តក្រោមច្បាប់របស់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងបានពន្យល់លម្អិតអំពីលទ្ធផលនៃការស៊ើបអង្កេត និងវិធានការដែលបានដាក់ចេញ​ដោយគណៈកម្មការអន្តរក្រសួងលើក្រុមហ៊ុនដែលមានការពាក់ព័ន្ធដោយយោងតាមប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំ​ក្នុងពន្ធនាគារដើម្បីផលិតទំនិញនាំចេញ។ ក្នុងនោះដែរ គណៈកម្មការបាន និងកំពុងបន្តធ្វើការផ្សព្វផ្សាយអំពី​បទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ ជូនដល់បណ្តារោងចក្រ-សហគ្រាស សំដៅដើម្បីជៀសវាងការអនុវត្តខុសគោលការច្បាប់ដោយវិស័យឯកជន ដែលជាហេតុនាំឱ្យមានការផាកពិន័យ, ការជាប់ទោសទណ្ឌ, ខូចខាតដល់ផលប្រយោជន៍រោងចក្រ-សហគ្រាស និងកិត្តិនាមកម្ពុជាផងដែរ។

បន្ថែមលើនេះ លោកបានជម្រាបថាកម្ពុជានឹងរៀបចំជាអនុក្រឹត្យ ដើម្បីកែលម្អយន្តការដែលមានស្រាប់ ដោយបន្ថែមនូវនីតិវិធីលម្អិត យន្តការគ្រប់គ្រងជាអចិន្ត្រៃយ៍ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនពាក់ព័ន្ធ ជាពិសេសអ្នកចុះកិច្ចសន្យាជួលផលិតបន្តច្រើនជាន់ថ្នាក់ (Sub and Sub-contract) ដោយកំណត់ឱ្យបានច្បាស់លាស់ និងញែកឱ្យដាច់រវាងកម្មវិធីស្តារនីតិសម្បទាទណ្ឌិត ជាមួយនឹងការចុះកិច្ចសន្យាជួលផលិតបន្តដើម្បីធ្វើពាណិជ្ជកម្ម ។

ជាការឆ្លើយតប AAFA និង VF Corporation សម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណាត់​ការរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្នើឱ្យគណៈកម្មការបន្តស៊ើបអង្កេតបន្ថែមទៀតលើក្រុមហ៊ុនពាក់ព័ន្ធ ជាបន្តទៀត ដោយ AAFA និង VF Corporation នឹងសហការផ្តល់ព័ត៌មានបន្ថែមក្នុងករណីចាំបាច់ ដើម្បីការពារដល់កេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជា ។

ជាកិច្ចបញ្ចប់ លោកក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក, តំណាងសមាគមសម្លៀកបំពាក់ និងស្បែកជើងអាម៉េរិក (AAFA), ក្រុមហ៊ុន VF Corporation, ក្រុមហ៊ុន Gap Inc., ក្រុមហ៊ុន PVH Corporation, អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំនៅសហរដ្ឋអាម៉េរិក, តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា និងសហការី​ទាំងអស់ ដែលបានផ្តល់កិច្ចសហការដ៏ល្អ និងការគាំទ្រ ព្រមទាំងការលើកទឹកចិត្តដល់គណៈកម្មការ និងកោតសសើរដល់លទ្ធផលនៃការស៊ើបអង្កេត ៕