កម្ពុជាបានចំណាយថវិកាជាង២ពាន់លានដុល្លារដើម្បីរក្សាកំណើនសេដ្ឋកិច្ច

 

ភ្នំពេញ៖រដ្ឋាភិបាលបានចាយថវិកាសន្សំរបស់រដ្ឋអស់ជាង ២១២៧ លានដុល្លារចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ដើម្បីគ្រប់គ្រង​ផលប៉ះពាល់​លើវិស័យ​សំខាន់ៗ​​ក្នុងអំឡុងពេល ​និងក្រោយវិបត្តិ​កូវីដ-១៩​។

នៅក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២កាល​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច បានលើកឡើងថា ថវិកាជាង ២១២៧ លានដុល្លារ ត្រូវបានដកចេញពីប្រាក់សន្សំជាង៣៥០០លានដុល្លារ ដែលរដ្ឋាភិបាល​កម្ពុជា បានសន្សំទុក ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់។ដោយក្នុងនោះកាលពីឆ្នាំ២០២០ រដ្ឋគ្រោងនឹង​ចាយ​ប្រាក់​សន្សំប្រមាណ១ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ ប៉ុន្តែចំណាយអស់​ត្រឹម២៤៦​​លានដុល្លារប៉ុណ្ណោះ។ តែនៅក្នុងឆ្នាំ២០២១ រដ្ឋចំណាយលើស​វិញដោយដំបូងឡើយ គ្រោងចាយថវិកាជាង៨០០លានដុល្លារប៉ុន្តែ ជាក់ស្តែងចាយអស់ដល់ទៅ​១៣៨១លានដុល្លារ​ឯណោះ ខណៈឆ្នាំ២០២២ រដ្ឋគ្រោងនឹងដកលុយសន្សំ៥០០លានដុល្លារ​បន្ថែមទៀត។

លោកបានបញ្ជាក់ថា៖«ថវិកាសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២នេះ ត្រូវចំណាយកាន់ច្រើន ខណៈដែលធនធានកាន់តែស្តួចស្តើង ដោយសារកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន​ ត្រូវចំណាយ ៤០ទៅ៥០លានដុល្លារ ខណៈដែលការបោះឆ្នោតឃុំសង្កាត់ ត្រូវចំណាយប្រហែល​៧០​លានដុល្លារទៀត»។

លោកបានបន្ថែមថា ដើម្បីទប់ទល់នឹងការចំណាយដូចនេះ ផ្នែករក​ចំណូលដូចជា គយ និងពន្ធដា ត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាព ខណៈដែលការចំណាយចរន្តរបស់រដ្ឋក៏ត្រូវបានកាត់​បន្ថយ​ជាបន្តបន្ទាប់ដែរ។

លោកវង្សី វិស្សុត នៅតែមានសុទិដ្ឋយមថា យ៉ាងហោច​ណាស់ ក៏កម្ពុជា​ មិនចាំបាច់ខ្ចីលុយ​ពីបរទេសដែរ ព្រោះថាជាទូទៅប្រទេសមួយចំនួន មិនមានថវិកាសន្សំដូចកម្ពុជា​នោះទេ ដែលទាមទារឱ្យខ្ចីថវិកាពីបរទេស ដើម្បីទប់ទល់វិបត្តិនេះ។

ចាប់ពីឆ្នាំ២០២០ដល់ ២០២១ រាជដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការចំនួន ១០ជុំ ដើម្បីគ្រប់គ្រង​ផលប៉ះពាល់​លើវិស័យ​សំខាន់ៗ​នៃសេដ្ឋកិច្ច ​នៅក្នុងបរិការណ៍​នៃវិបត្តិ​ការស្តារ​ និងជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុងពេល ​និងក្រោយវិបត្តិ​កូវីដ-១៩​ ដោយថវិការទាំងនោះ បានចំណាយទៅលើការឧបត្ថម្ភដល់ជនក្រីក្រ ការឧបត្ថម្ភដល់កម្មករកម្មារនីរោងចក្រ ចំណាយលើផ្នែកសុខាភិបាល​ និងការទិញវ៉ាក់សាំងជាដើម។សម្រាប់ឆ្នាំ២០២០ រដ្ឋបានចំណាយថវិកាអស់ ៨៣០លានដុល្លារ,ឆ្នាំ២០២១ ១៣០០លានដុល្លារ និងឆ្នាំ២០២២គ្រោងនឹងចំណាយជាង១ពាន់លានដុល្លារបន្ថែមទៀត៕