កម្ពុជាបានដាក់ចេញនូវឯកសារ​យុទ្ធ​សាស្រ្ត​សំខាន់​ចំនួន ២ ដើម្បីបើកទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ចាក់​វ៉ាក់សាំង

ភ្នំពេញៈ ក្នុងគោលបំណងដើម្បី​​ជា​ការ​ចាប់​ផ្តើម​​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ចាក់​វ៉ាក់សាំង និង​ធានា​បាន​នូវ​សុវត្ថិភាព​​ទាំង​​ភ្ញៀវ​ទេសចរ និង​ប្រជាជាន​ក្នុង​​ស្រុក​ រាជរដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​​នូវឯកសារ​យុទ្ធ​សាស្រ្ត​សំខាន់​ចំនួន ២ ដើម្បី​​ជា​ការ​ចាប់​ផ្តើម​​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ចាក់​វ៉ាក់សាំង និង​ធានា​បាន​នូវ​សុវត្ថិភាព​​ទាំង​​ភ្ញៀវ​ទេសចរ និង​ប្រជាជាន​ក្នុង​​ស្រុក​។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ឯកសារ​ទាំង​២ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា បាន​ឱ្យ​ដឹង​ថា វិបត្តិ​ជំងឺ​កូវីដ​១៩ បាន​​បង្កឱ្យមានវិបត្តិសុខភាព​សាធារណៈ និង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ស្ទើរគ្រប់វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​ដែល​ជា​​ចន្ទល់គន្លឹះមួយ​​សំខាន់​របស់​ប្រទេស​កម្ពុជា សម្រាប់​ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏​ទទួល​រង​ផល​​ប៉ះ​ពាល់​យ៉ាងខ្លាំងមិនធ្លាប់មានផង​ដែរ ​។

លោក​បន្តថា ជាមួយនឹងនិន្នាការថ្មីនេះ រដ្ឋាភិបាលកម្ពុជា​​បាន​​ដាក់ចេញនូវ«ផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និង​ក្រោយវិបត្តិជំងឺកូវដ​១៩» ។ ផ្តើម​ចេញ​ពី​ឯកសារ​​នេះ រដ្ឋាភិបាល​ក៏​បានសម្រេចដាក់ចេញឯកសារដ៏មានសារៈបន្ថែម​សំខាន់ ២ ទៀត​ដែលបាន​ ប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការនាពេល​នេះ​​។

លោកលើក​ឡើង​ទៀត​ថា ឯកសារ​យុទ្ធ​សាស្រ្តទាំង ២ នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ឈរ​លើ​គោលការណ៍​រក្សា​បាន​​នូវ​តុល្យភាព​រវាង​សកម្ម​ភាព​សង្គម​-សេដ្ឋកិច្ច និង​ការ​ធានា​សុវត្ថិភាព និង​សុខភាព​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។​ ក្នុងន័យនេះ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនឹងត្រូវធ្វើឡើងជាជំហានៗ ប្រកប​​ដោយ​ស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្ន ស្របតាមការវិវត្តជាក់ស្តែងនៃសភាពការណ៍ នៃការ​ឆ្លងរាល​ដាល​នៃជំងឺកូវីដ​១៩ ។ ទន្ទឹមនេះ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង នឹង ផ្តោតសំខាន់ ទៅលើការបង្ក​លក្ខណៈ​ងាយស្រួល​ឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានទូទាំង​ប្រទេស ប្រកបដោយសុវត្ថិភាព សំដៅ​ពង្រឹង​បន្ថែម​ទៀត​នូវ​ស្មារតីស្នេហាជាតិ ស្របតាម ទិសស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»។

រដ្ឋ​មន្រ្តីក្រសួង​ទេសចរណ៍ លោក ថោង ចុង បាន​និយាយ​ថា ធាតុ​ចូល​នៃ​ឯកសារ​យុទ្ធ​សាស្រ្តទាំង ២ នេះ ត្រូវ​បាន​ទទួល​ពី​គ្រប់​ផ្នែក​ពាក់​ព័ន្ធ រួម​ទាំង​វិស័យ​ឯកជន​ផង​ដែរ​។ ឯកសារ​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុងអំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​របស់​​ជំងឺកូវីដ​១៩ ដែល​ជំងឺ​នេះ​មិនត្រឹមតែជាជំងឺដ៏កាចសាហាវ និងបង្កមហន្តរាយ​ចំពោះ​សុខភាព​សាធារណៈ​​ប៉ុណ្ណោះទេ ប៉ុន្តែបាននិងកំពុងបន្តផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ជាប្រវត្តិសាស្រ្តចំពោះសេដ្ឋកិច្ច​ពិភពលោក ដែលក្នុងនោះសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ទើរគ្រប់វិស័យទាំងអស់បានធ្លាក់ចុះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​សារ​មួយ​នៃ​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​ និង​ដាក់​ឱ្យ​អនុវត្ត​ឯកសារ​ទាំង ២ ខាង​លើ បានលើកឡើង​​ថា ផែនការយុទ្ធសាស្រ្ត​ស្តីពី​ការ​បើក​ទទួល​ភទេសចរ​ចាក់វ៉ាក់សាំង នឹង​ក្លាយ​ជាឯកសារ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​សម្រាប់​ការ​បើក​ឱ្យ​ដំណើរ​ការ​ឡើងវិញ​ជា​បណ្តើរៗ​នៃ​ការ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយឈរ​លើ​គោលការណ៍​រក្សា​បាន​នូវ​តុល្យភាព​រវាង​សកម្ម​ភាព​សង្គម-​សេដ្ឋកិច្ច និងធានាបានសុវត្ថិភាព និង​សុខុមាភាពសាធារណៈ ជា​មួយ​នឹង​កិច្ច​ខិតខំ​ក្នុង​ការ​វិល​ត្រឡប់​ឱ្យ​បាន​ឆាប់​ទៅរក​«​ប្រក្រតីភាព​ថ្មី»​នៃ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពល​រដ្ឋ។

តាម​ផែនការ​កម្ពុជា នឹង​បើក​ទទួល​ភ្ញៀវទេសចរអន្តរជាតិ នៅ​ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង​ចាប់ពីថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តទៅ ដោយ​ចាប់​ផ្តើម​ដំបូង​នៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និង តំបន់តារាសាគរនៃខេត្តកោះកុង មុន​នឹង​ឈាន​ទៅ​​ខេត្តសៀមរាប​ក្នុងខែ មករា ឆ្នាំ ២០២២៕