កម្ពុជា​បាន​តម្កល់​កែវ​ដំណក់​ប្រេង​ដំបូង​របស់​ទុក​ក្នុង​វិមាន​នយោបាយ ឈ្នះ ឈ្នះ

​ភ្នំពេញ​៖ វា​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ក្លាយខ្លួនជា​ប្រទេស​ផលិត​ប្រេង​មួយ​ក្នុង​តំបន់ បន្ទាប់ពី​ដំណក់​ប្រេង​ដំបូង​ត្រូវបាន​បូម​យក​ពី​តំបន់​អភិវឌ្ឍន៍​អប្សរា​នៃ​ប្លុក​A ដោយ​ក្រុមហ៊ុន​រុករក​ប្រេង​របស់​សី​ង្ហ​បុរី KrisEnergy​កាលពី​ចុងខែ​ធ្នូរ​កន្លងមក​។
​នៅ​ព្រឹក​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១​នេះ កម្ពុជា​បានរៀបចំ​ធ្វើ​ពិធី​ប្រគល់ ទទួល​កែវ​ផ្ទុក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ក្រោម​អធិបតីភាព​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​។
​សូមបញ្ជាក់ថា នេះ​ជា​ដំណក់​ប្រេង​ដំបូង​ដែល​កម្ពុជា​ទទួលបាន កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ ហើយក៏​ជា​និមិត្តរូប​នៃ​ភាពជោគជ័យ របស់​កម្ពុជា​ទាំងមូល ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ទន្ទឹងរង់ចាំ​ជាច្រើន​ជំនាន់​មកហើយ​។​
​ដំណក់​ប្រេង​ដំបូង​ក្នុង​បរិបទ​សេដ្ឋកិច្ចពិភពលោក​ដ៏​លំបាក ដែល​គំរាមកំហែង ដោយ​មេរោគ​រាតត្បាត​កូ​វីដ​-១៩ គឺជា​សក្ខីភាព នៃ​ការខិតខំ​ប្រឹងប្រែង អំណត់​ព្យាយាម និង​ពុះពារ​សម្រេច​ជោគជ័យ របស់​រាជរដ្ឋាភិបាល និង​វិនិយោគ​គិ​ន ។​
​សូម​អញ្ជើញ​ស្វែងយល់​ពី​អត្ថន័យ​នៃ​ការ​រចនា​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ដូចខាងក្រោម​៖
១. កែវ​ដំណក់​ប្រេង​មាន​ទម្រង់​ក្រពុំ​ឈូក ឬ​ស្លឹកពោធិ​តំណាង​ឲ្យ​ភាពរុងរឿង បរិសុទ្ធ ការ​ចម្រើន​លូតលាស់​ដែលជា​កំណប់ទ្រព្យ​របស់​កម្ពុជា​។ កែវ​ដំណក់​ប្រេង​មាន​កម្ពស់ ២៩​សង់ទីម៉ែត្រ តំណាង​ឲ្យ​ថ្ងៃទី ២៩ ដែល​ទទួលបាន​ដំណក់​ប្រេង​របស់​កម្ពុជា​។​
២. ជើងពាន​ត្របកឈូក តំណាងឱ្យ​សេចក្តី​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​រហូត​ទទួលបាន​នូវ​លទ្ធផល​ផ្លែផ្កា គឺ​ការទទួលបាន​នូវ​ធនធាន​ប្រេងកាត​សម្រាប់​អភិវឌ្ឍ​ជាតិ​មាតុភូមិ​កម្ពុជា​។ ជើងពាន​ត្របកឈូក​មាន​កម្ពស់ ១២​សង់ទីម៉ែត្រ តំណាងឱ្យ​ខែ ១២​ឬ​ខែធ្នូ​ដែល​ទទួលបាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។
៣. ពាន​ជើង​សឹង្ហ ឬ​ឋាន​ជើង​បាត​តំណាងឱ្យ​ការ​ជ្រោមជ្រែង​របស់​ប្រជាជន​កម្ពុជា និង​មន្ត្រីរាជការ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ក្នុង​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ទាញយក​ផល​នៃ​ធនធានធម្មជាតិ ដើម្បី​យកមក​អភិវឌ្ឍ​សង្គមជាតិ​។ ពាន​ជើង​សឹង្ហ និង​ឋាន​ជើង​បាត​មាន​កំពស់ ២០​សង់ទីម៉ែត្រ​សំណាង​ឱ្យ​ឆ្នាំ ២០២០​ដែល​ទទួលបាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។​
៤. ក្បាច់​កញ្ចាំង​ភ្ញីភ្លើង​លម្អ​ដោយ​នាគ​ក្បាល​បី តំណាងឱ្យ​តេ​ជៈ ភាព​ចម្រុងចម្រើន សម្បូរ​សប្បាយ​និង​តំណាង​ឲ្យ​ឆ្នាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សម័យ​កាលដែល​ទទួល​បាន​នូវ​ដំណក់​ប្រេង​របស់​កម្ពុជា​។​
៥. និមិត្តរូប​រួម​នៃ​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​បឋម​តេ​ល​ពិន្ទុ​កម្ពុជា​»​។​
​បឋម​តេ​ល​ពិន្ទុ​កម្ពុជា (​ភាសាបាលី​) មកពី​ពាក្យ បឋម ប្រែ​ថា​ដំបូង + តេ​ល ប្រែ​ថា​ប្រេង + ពិន្ទុ ប្រែ​ថា​ដំណក់ + កម្ពុជា គឺ​ប្រទេស​កម្ពុជា​។ ប្រែជា​រួម​ថា «​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​»៕

Leave a Reply

Your email address will not be published. Required fields are marked *