កម្ពុជាបានត្រៀមរួចរាល់តំបន់បីសម្រាប់ស្វាគមន៍ភ្ញៀវទេសចរចាក់វ៉សាក់សាំងរួច

ភ្នំពេញ៖ លោក ថោង ខុនរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន បាន​ប្រាប់​ឱ្យ​ក្រុមហ៊ុន ក៏​ដូច​ជា​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​វ៉ាក់សាំង ក៏​ដូច​ជា​ការ​អនុវត្ត​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​(SOP)​ ដើម្បី​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​ក្នុង​ការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩ ឡើង​វិញ​។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា នៅ​តំបន់​វិស្សមកាល​ តារា​សាគរ នៃ​ខេត្ត​កោះ​កុង ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​ខេត្ត​កោះកុង តំណាង​ក្រុមហ៊ុន​វិស្សមកាល​តារា​សាគរ, ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ី​ហ្វិក​​កម្ពុជា, ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។

លោក ថោង ខុន បាន​និយាយ​ថា តាម​ផែន​ការ​កម្ពុជា​នឹង​បើក​ដំណើរ​ការ​ទទួល​ទេសចរណ៍​វ៉ាក់​សាំង​ចាប់​ពី​ចុង​ខែ​វិច្ឆិកា ដោយ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ទាំង​អស់​នោះ​មាន​ប្រភព​ពី​ទីផ្សារ​ដែល​មាន​សក្តានុពល និង​មាន​ហានិភ័យ​ទាប​(ជំងឺកូវីដ​១៩)។ ទន្ទឹម​នឹង​ការ​ត្រៀម​បើក​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​នេះ កម្ពុជា​ក៏​ត្រូវ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​គោលដៅ​ប្រកប​ដោយ​គុណភាព សុវត្ថិ​ភាព និង​និរន្តរភាព​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ស្រប​តាម​ទស្សន​ទាន «ប្រែ​ក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​កាលានុវត្ត​ភាព​ផង​ដែរ។

លោក​បញ្ជាក់​ថា៖​«​ស្រប​ជាមួយ​នឹង​ការ​ត្រៀម​ទទួល​ទេសចរ​វ៉ាក់សាំង យើង​ក៏​មិន​ត្រូវ​ភ្លេច​ជា​ដាក់​ខាត​នូវ​ការ​ខិតខំ​ពង្រឹង​សុវត្ថិភាព​ក្នុង​ទីតាំង​របស់ខ្លួន​តាមរ​យៈ​ការ​សម្អាត​ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឱ្យបាន​ញឹកញាប់ តាម​គោល​ដៅ​​ក្នុង​តំបន់​របស់ខ្លួន​ឱ្យ​មាន​ផាសុកភាព ស្រប​តាម​ផែនការ «ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​(SOP) តាម​គន្លង​ប្រក្រតី​​ភាព​ថ្មី» ដែល​ក្រសួង​ទេសចរណ៍​ និង​ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ ពិសេស​ទទួលភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ចាក់​វ៉ាក់សាំង​តែ​ប៉ុណ្ណោះ»។

បន្ថែម​ពី​លើ​នេះ​ លោក​ក៏​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​វិស្សមកាល​តារា​សាគរ ឱ្យ​ខិតខំ​ពង្រីក​សេវាកម្ម​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​សម្បូរ​បែប ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្ស​នា​បាន​កាន់​តែ​ច្រើន ជាមួយ​នឹង​សេវាកម្ម​ល្អ និង​មាន​តម្លៃ​សមរម្យ ដែល​មិន​ត្រឹមតែ​ទទួល​នូវ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នោះ​ទេ ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​ក៏​អាច​មក​កម្សាន្ត​​កន្លែង​ដែល​មាន​ផាសុកភាព​នេះ​ដែរ។​

ប្រទេស​កម្ពុជា​មាន​ផែនការ​​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយ​ចាប់​ផ្តើម​ដំបូង​នៅ​ក្រុង​ព្រះសីហនុ ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​តំបន់​តារា​សាគរ​(ខេត្តកោះកុង) មុននឹង​ឈានទៅ​ខេត្តសៀមរាប​ក្នុង​ខែ​មករា ឆ្នាំ​២០២២៕