កម្ពុជាពន្យាពេលការបោះផ្សាយមូលបត្ររដ្ឋ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា ផែនការបោះផ្សាយមូលបត្ររដ្ឋក្នុង​ទឹកប្រាក់​ប្រមាណ៣០០លានដុល្លារអាមេរិកនៅចុងខែមិថុនានេះ មិនទាន់អាចធ្វើទៅបានឡើយដោយសារនៅ​មាន​លក្ខខណ្ឌបច្ចេកទេសមួយចំនួនមិនទាន់បានបញ្ចប់។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Investing Cambodia  ថា នាពេលនេះក្រុមការងារបច្ចេកទេសរបស់ក្រសួងកំពុងធ្វើការមួយចំនួនដែល​នៅសេសសល់មុន​នឹងឈានទៅដល់ការបោះផ្សាយជាផ្លូវការ។

លោកថា៖««ក្រសួងកំពុងធ្វើការវិភាគនិងត្រួតពិនិត្យក្នុងកម្រិតបច្ចេកទេស សំដៅធ្វើយ៉ាងណាងបញ្ចប់កិច្ចការ​ទាំង​នោះ​ជាមុនសិន ដើម្បីចាប់ផ្តើមផ្សាយ»។ ប៉ុន្តែលោកពុំបានបញ្ជាក់ច្បាស់លាស់ថាតើនឹងទាមទារ​ពេលវេលាប៉ុណ្ណានោះទេ ហើយថ្ងៃបោះផ្សាយជាផ្លូវការក៏ពុំទាន់បានកំណត់ច្បាស់លាស់ដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​ទីផ្សារ​មូល​បត្រ​កម្ពុជា​«​មួយ​ទសវត្សរ៍​នៃ​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​បត្រ​កម្ពុជា និង​ដំណើរ​ឆ្ពោះ​ទៅ​មុខ»​ កាល​ពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ថា រាជ​រដ្ឋាភិបាល​ក៏​គ្រោង​នឹង​ចាប់​ផ្ដើម​បោះ​ផ្សាយ​មូលបត្រ​រដ្ឋ​ក្នុង​ឆ្នាំ​២០២២ នេះ​ដើម្បី​បង្កើត​នូវ​ប្រភព​ហិរញ្ញប្ប​ទាន​មួយ​ថ្មី​សម្រាប់​ការ​កៀរគរ​ទុន​របស់​រដ្ឋ​ក៏​ដូច​ជា​ដើម្បី​បង្កើត​ឧបករណ៍​​ហិរញ្ញ​វត្ថុ​ថ្មី​សម្រាប់​វិនិយោ​គិន​នៅ​ក្នុង​ទីផ្សារ​មូលបត្រ ជា​ពិសេស​វិនិយោគិន​ស្ថាប័ន រួម​មាន​ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់​រង,មូលនិធិ​សោធ​និវត្តន៍,មូល​និធិ​សន្តិសុខ​សង្គម​ជាដើម។

លោក​បាន​ថ្លែង​ថា៖​«​ឧបករណ៍​ហិរញ្ញ​វត្ថុ​ថ្មី​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ពេញ​និយម​សម្រាប់​ការ​ជួញ​ដូរ​នៅ​ក្នុង​ផ្សារ​មូល​បត្រ​កម្ពុជា និង​ផ្ដល់​នូវ​ទិន្នន័យ Benchmark សម្រាប់​ការ​ជួញដូរ​មូល​បត្រ​សាជីវ​កម្ម និង​ការ​វិភាគ​​ហិរញ្ញ​វត្ថុ​នានា​ដូច​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ដែល​មាន​វិស័យ​មូល​បត្រ​រីក​ចម្រើន​»៕