កម្ពុជារកចំណូលបានជិត៤ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងរយះពេល១០ខែ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា កម្ពុជា​ប្រមូល​​​បាន​​​ប្រាក់​​ជិត ៣,៧​​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កសិផល​មួយ​ចំនួន​ទៅ​ទីផ្សារ​អន្តរជាតិ​​ក្នុង​រយៈ​ពេល ១០​ខែ​ឆ្នាំ​២០២១។

លោករដ្ឋមន្រ្តីរូបនេះបានបង្ហាញឱ្យដឹងទៀត​ថា ​​លទ្ធផល​នៃ​​ការនាំចេញកសិផលរបស់​កម្ពុជា(​មិន​រាប់​បញ្ចូល​ផលិត​ផល​ជល​ផល ផលិត​​ផល​​សត្វ ​ព្រៃឈើ ឈើកៅស៊ូ និង​កៅស៊ូ​ធម្មជាតិ​) ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ត្រូវ​បាន​​​ប៉ាន់​ប្រមាណ​​​ថា ​មាន​តម្លៃ​ ៣ ៦៩២ ១៨៣ ១៨៩,៣៧ដុល្លារ ដែលទីផ្សារ​ទទួល​ទិញ​ផលិត​ផល​ពី​កម្ពុជា​មាន​ចំនួន ៦៨ ប្រទេស។

សម្រាប់​ប្រភេទ​មុខទំនិញ​សំខាន់ៗ​រួមមាន ​ការ​នាំ​ចេញ​អង្ករ ទទួល​បាន​ទឹក​ប្រាក់​ ៣៩២ ៩៨៤ ៣២៦ ដុល្លារ, ស្រូវ ៤៦៥ ៤៩៨ ២៥០ ដុល្លារ និង​កសិផលផ្សេងទៀត ២ ៨៣៣ ៧០០ ៦១៣,៣៧​ដុល្លារ។

លោក​​​បានថ្លែងអះអាងយ៉ាងដូច្នេះថា៖​«​ការនាំចេញកសិផលសរុបក្នុងរយៈ​ពេល១០​ខែឆ្នាំ២០២១ មានកំណើន ៨៧,៥៣ភាគ​រយ​ ក្នុង​នោះកសិផល ក្រៅពីអង្ករមាន​ការកើនឡើងចំនួន ១០៦,៦២ភាគ​រយ​ រីឯ​ការ​នាំ​ចេញ​អង្ករ​មាន​ការ​ថយ​ចុះ​ចំនួន -១៤,២០​ភាគ​រយ​ ដោយសារ​តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និង​ជួប​ប្រទះ​បញ្ហា​នឹងកង្វះទូរកុងតេន័រ ទំហំ ២០ ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ»​។

យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ក្នុង​តម្លៃ​សរុប ៤,៣៧ ពាន់​លាន​ដុល្លារ​ កើន​លើស​ឆ្នាំមុន ៥០០ លាន​ដុល្លារ៕