កម្ពុជារកចំណូលបាន២,៧ពាន់លានដុល្លារពីពន្ធដារក្នុងឆ្នាំ២០២១

ភ្នំពេញៈ ការ​ប្រមូល​ចំណូល​ពន្ធ-​អាករ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ ក្នុង​​​ឆ្នាំ​២០២១ ​​សម្រេច​បាន​ក្នុង​ទឹក​ប្រាក់​ជាង ២,៧​ពាន់​លាន​ដុល្លារ​ កើន​លើស​ផែនការ​ប្រចាំ​ឆ្នាំ​ជាង ២៤​ភាគ​រយ​​​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​(GDT)។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា ទោះ​ស្ថិតក្នុង​ស្ថាន​ភាព​ដែល​សេដ្ឋកិច្ច​សកល ក៏​ដូចជា​សេដ្ឋកិច្ច​កម្ពុជា នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​ ជា​ពិសេស​ក្នុង​បរិការណ៍​នៃ​ការទទួល​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​រលក​នៃ​ការរីក​រាលដាល និង​វីរុស​បំប្លែង​ថ្មី​ឥតឈប់ឈរ​នៃ​ជំងឺ​កូវីដ​១៩ ក៏​ការ​ប្រមូល​ពន្ធ​-​អាករ ​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ នៅ​តែ​រក្សា​បាន​នូវ​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​​។ ជាក់​ស្តែង​​ចាប់​ពី​ខែ​មករា ដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២១ ចំណូល​ពន្ធ​-​អាករ ដែល​ GDT ប្រមូល​បាន​មាន​ចំនួន ២ ៧៨១,៩២​លាន​ដុល្លារ ធៀប​នឹង​​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​​ការ​គ្រប់​គ្រង​ឆ្នាំ២០២១ ដែល​តម្រូវឱ្យ​ប្រមូល​ចំណូល​ឱ្យ​​បាន​​ចំនួន ២ ២៤៣,០៧​លាន​ដុល្លារ ឃើញ​ថា​កើន​លើស​ផែនការ ២៤,០២​ភាគ​រយ​ ​​ស្មើ​នឹង​​​ប្រាក់​ប្រមាណ​ ៥៣៨,៨៥​លាន​ដុល្លារ។

ដោយ​ឡែក​សម្រាប់​ចំណូល​ពន្ធ​-អាករ​ ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២១ មាន​​ចំនួន​​​ជាង ២២១,៦៨​លាន​ដុល្លារ ​​ស្មើ​នឹង ៩,៨៨​​ភាគ​រយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង ឆ្នាំ២០២១។​

កាល​ពី​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូល​ចំណូល​បាន​​ ២ ៨៨៩,០២ ​លាន​ដុល្លារ​ កើនឡើង ១០៤,៤៩ ​លាន​ដុល្លារ​ ស្មើនឹង ៣,៧៣ ​ភាគរយ​ធៀប​នឹងឆ្នាំ​២០១៩