កម្ពុជា​រង់​ចាំ​ស្វាគមន៍​ការ​វិនិ​យោគ​លើ​ទីផ្សារ​ជួញដូរ​កាបូន

ភ្នំពេញៈ កម្ពុជា​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​នូវ​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​បង្កើត​ផែនការ​ពាណិជ្ជកម្ម​ទីផ្សារ​ជួញដូរ​កាបូន ខណៈ​កម្ពុជា​បាន​និង​កំពុង​ចូល​រួម​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ នេះ​បើ​យោង​តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​។

ក្នុង​សន្ទរកថា​នៃ​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប ថៃយាន ឆ្នាំ​២០២១ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន នា​ថ្ងៃ​ទី៣ ខែ​សីហា ក្រោម​ប្រធាន​បទ​«ថាមពល​ អាកាស​ធាតុ បរិស្ថាន» លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ក្នុង​បរិការណ៍​ដែល​ពិភព​លោក​ទាំង​មូល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ការ​រៀបចំ​វេទិកានេះ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ក្រើន​រំលឹកឱ្យ​គ្រប់​គ្នា​មិន​ត្រូវ​បំភ្លេច​ចោល​នូវ​បញ្ហា​ថាមពល​អាកាស​ធាតុ និង​បរិស្ថាន។

លោក​បន្ថែម​ថា បញ្ហា​ថាមពល​អាកាសធាតុ និង​បរិស្ថាន ជា​ពិសេស​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏ចម្បង និង​ក្តៅ​គគុក​សម្រាប់​មនុស្ស​ជាតិ ដែល​វា​បាន​និង​កំពុង​បន្ត​ការ​គំរាម​កំហែង​ដល់​សុខភាព​មនុស្ស​ជាតិ​សន្តិ​សុខ​ស្បៀងហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម-សេដ្ឋ​កិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី។ ការណ៍នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​ចាំបាច់​នៃ ការ​ធ្វើ​បដិវត្ត​ថាមពល​ឱ្យ​បាន​លឿន និង​ប្រកប​ដោយ​យុត្តិធម៌ និង​សមធម៌ ដើម្បី​ផ្លាស់​ប្តូរ​ពី​ការ​ផលិត និង​ប្រើ​ប្រាស់​ថាមពល​ដែល​បញ្ចេញ​កាបូន​ច្រើន​ទៅ​ក្នុង​បរិយាកាស​។

លោក​ថ្លែង​ថា៖​«​ទោះ​បី​កម្ពុជា​ជា​ប្រទេស​មាន​កម្រិត​នៃ​ការ​អភិវឌ្ឍ​ទាប ក៏​រាជ​រដ្ឋាភិបាល​កម្ពុជាមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​កំណត់​យក​បញ្ជា​ថាមពល​អាកាស​ធាតុ និង​បរិស្ថាន​ជា​របៀប​វារៈ​គោល​នយោ​បាយ​ដ៏​សំខាន់ និង​សម្រាប់​រយៈពេល​វែងក្រោម​អភិក្រម [ជា​បញ្ហា​រួម ប៉ុន្តែ​ការអនុវត្ត​ផ្សេងៗ​គ្នា​ទៅ​តាម​ការ​ទទួល​ខុស​ត្រូវ និង​សមត្ថភាព​រៀងៗ​ខ្លួន]»។

លោក​បន្ថែម​ថាជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏​បាន​កត់​សម្គាល់​ដោយ​យក​ចិត្តទុក​ដាក់​ផង​ដែរ​នូវគំនិត​ផ្តួច​ផ្តើម​បង្កើត​ផែនការ​ពាណិជ្ជកម្ម​ទីផ្សារ​ជួញដូរ​កាបូន​នៅ​ក្នុង​ប្រទេសចិន។ លោក​អះអាង​ថា៖​«​កម្ពុជាក៏​បាន​ចាត់​ទុក​ឥណទាន​កាបូន​ជា​ប្រភព​ធនធាន​ហិរញ្ញប្ប​ទាន ប្រកប​ដោយ​ចីរភាពដ៏សំខាន់​មួយ​សម្រាប់​សកម្ម​ភាព​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​កម្ពុជា​បើក​ចំហទទួល​ការ​ចូល​រួម​នៅ​ក្នុង​ភាព​ជាដៃគូ​ជាមួយ​បណ្តា​ប្រទេស និង​វិស័យ​ឯកជន​នានា ដែល​មាន​ចំណាប់​អារម្មណ៍»។

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦ មក​ទល់​ខែ​មិថុនា ឆ្នាំ​២០២១ កម្ពុជា​បាន​ទទួល​ថវិកា​ចំនួន​ ១១,៦ ​លាន​ដុល្លារ​ ពី​ការ​លក់​ឥណទាន​កាបូន​ឱ្យ​ទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មាន​ដូចជា Disney Kering Intuit និង​ Shell និង​ក្រុមហ៊ុន​ Gucci​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​កំពុង​សិក្សា និង​អនុវត្ត​គម្រោង​ឥណទាន​កាបូន​សាកល្បង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​បន្ថែម​ទៀត​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ «Mitsui» ​ផង​ដែរ​។ នេះ​បើ​តាម​លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *