កម្ពុជារៀបចំយុទ្ធសាស្រ្ត៤ដើម្បីបើកទេសចរណ៍ឡើងវិញ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​បាន​នឹង​កំពុង​ដាក់​ចេញ​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន ៤ ក្នុង​ការ​ចាប់​ផ្តើម​បើក​ឡើង​វិញ​នូវ​សកម្ម​ភាព​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិ​នា​ពេល​ខាង​មុខ ដើម្បី​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​មាន​ភាព​ធន់​នឹង​វិបត្តិ​នានា​។

ថ្លែង​ក្នុង​សារ​លិខិត​ចូល​រួម​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភព​លោក ឆ្នាំ​២០២១ ក្រោម​ប្រធាន​បទ «ទេសចរណ៍​ដើម្បី​កំណើន​ប្រកប​ដោយ​បរិយា​បន្ន» ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​កូឌីវ័រ នាថ្ងៃ​ទី​២៧ ខែ​កញ្ញា ខាង​មុខ លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា វិបត្តិ​ជំងឺ​កូវីដ​១៩ បាន​ជះ​ឥទ្ធិពល​អវិជ្ជ​មាន​យ៉ាង​ខ្លាំង​លើ​គ្រប់​ផ្នែក​ក្នុង​វិស័យ​ទេសចរណ៍​នៅ​លើ​ពិភព​លោក ជាក់​ស្តែង​ក្នុង​ឆ្នាំ​២០២០ ចំនួន​ទេសចរ​អន្តរ​ជាតិ​លើ​ពិភព​លោក​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៧៣​ភាគ​រយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​ការ​ងារ​ផ្ទាល់​ចន្លោះ​ពី ១០០​ទៅ​១២០​លាន​នាក់​ និង​ការងារ​មិន​ផ្ទាល់​ជាច្រើន​រយ​លាន​នាក់​ទៀត​។ លោក​បន្ថែម​ថា ដោយ​ឡែក​កម្ពុជា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ បាន​ថយ​ចុះ​រហូត​ដល់ ៨០,២​ភាគ​រយ​ក្នុង​ឆ្នាំ​២០២០ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការងារ​ផ្ទាល់​ជាង ១១​ម៉ឺន​នាក់ និង​ការងារ​មិន​ផ្ទាល់​រាប់​ម៉ឺន​នាក់​ទៀត។ និន្នាការ​នេះ​ក៏​បាន​នឹង​កំពុង​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ២០២១​នេះ។

លោក​ថ្លែង​ថា៖​«​ក្នុង​បរិការណ៍​បច្ចុប្បន្ន ខណៈ​មេរោគ​កូវីដ​១៩ បំប្លែង​ថ្មី​កំពុង​បន្ត​រីក​រាល​ដាល​ក្នុង​ពិភព​លោក និង​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ថ្ងៃ​អនាគត ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​កំណត់​ជា​មុំ​យុទ្ធ​សាស្រ្ត​គន្លឹះ​យ៉ាង​ម៉ឺង​ម៉ាត់ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ចាក់​ស្រោច​វ៉ាក់​សាំង​កូវីដ​១៩ ឱ្យ​បាន​លឿន​តាម​គោល​ដៅ​កំណត់ បន្ត​ជំរុញ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​សុខាភិ​បាល ជា​ពិសេស​វិធាន «៣កុំ ៣​ការពារ» ដើម្បី​ជា​មូលដ្ឋាន​នៃ​ការ​បើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ពេញ​លេញ​ឡើង​វិញ ជា​ជំហានៗ​ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់»។

បើ​តាម​លោក ហ៊ុន សែន យុទ្ធសាស្ត្រ​អាទិភាព​សំខាន់ៗ​ដែល​កម្ពុជា​បាន​កំណត់​ដើម្បី​ចាប់​ផ្តើម​បើក​ឡើង​វិញ​នូវ​សកម្ម​ភាព​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​នា​ពេល​ខាង​មុខ មាន​ដូច​ជា ការ​ពង្រឹក​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ហារ​ជំងឺ​កូវីង​១៩ ដើម្បី​ធានា​បាន​សុវត្ថិភាព ទំនុក​ចិត្ត និង​ភាព​ជឿ​ជាក់​របស់​ទេសចរ​ជាតិ និង​អន្តរជាតិ,  ការ​លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ផ្នែក​ឯកជន យុវជន និងដៃគូ​អភិវឌ្ឍ​ជាតិ​និង​អន្តរជាតិ ចូល​រួម​ជំរុញ​ការ​បង្កើត និង​ផ្គត់​ផ្គង់​សេវា​កម្ម​ទេសចរណ៍​ឱ្យ​កាន់​តែ​សម្បូ​របែប, ការ​សហការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បន្ថែម និង​ជំនាញ​ថ្មី​ដល់​យុវជន ស្រប​តាម យន្តការ​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព, និង​ការ​គិត​គូរ​អំពី​សុវត្ថិ​ភាព និង​ផាសុកភាព​ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ «​កម្ពុជាសុវត្ថិភាព – Cambodia safe» ដើម្បី​ជា​មុំ​យុទ្ធ​សាស្រ្ត​ទាក់​ទាញ​ទេសចរ​ផ្ទៃ​ក្នុង និង​អន្តរជាតិ​ក្នុង​ដំណាក់​កាល​នៃ​ការ​បើក​ឡើង​វិញ និង​ពេល​អនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *