កម្ពុជា​រំពឹងថា​នឹង​បែងចែក​ដី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដល់​១៥ ០០០ គ្រួសារ​ត្រឹម​ដំណាច់ឆ្នាំ​២០២៦

​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ​១០៧​លាន​ដុល្លារ​អាមេរិក​ក្នុងការ​អនុវត្ត គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់​ទី​៣  (LASED-III) ជា​គម្រោង​មួយ​បន្ត​ពី​គម្រោង (LASED-II) ដែល​ទទួល​កម្ចី​ឥណទាន​ពី​ធនាគារ ពិភពលោក មាន​រយៈពេល​៦​ឆ្នាំ ដែល​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០ និង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២៦ ដោយ​រំពឹងថា​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រហាក់ប្រហែល​ចំនួន ១៥ ០០០ គ្រួសារ​នឹង​ទទួល បាន ដី​សម្រាប់​រស់នៅ និង​ប្រកប​របរ​កសិកម្ម ។

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចូលរួម​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់​ទី​៣ (LASED III)​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោកស្រី Mariam J. Sherman នាយិកា​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ឯកឧត្តម លោកជំទាវ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត​ទាំង​២៤ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទាំង​២៤​ខេត្ត មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ទាំង​២៤​ខេត្ត មន្ទីរ​ពាក់ព័ន្ធ អង្គការ​ដៃគូ​នានា និង​អង្គភាព​ជំនាញ​តាម​ខេត្ត​គោលដៅ ព្រមទាំង​ប្រជាពលរដ្ឋ​តាម​ខេត្ត​គោលដៅ សរុប​ប្រមាណ​ជា ៥៥០​នាក់ តាមរយៈ​ប្រព័ន្ធ Video Conference Zoom Meeting ។​

​យោងតាម​លោក វេ​ង សាខុន គម្រោង LASED-III មាន​ថវិកា​សរុប ១០៧​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ៩៣​លាន​ដុល្លារ​អាមេរិក ជា​ថវិកា កម្ចី​ពី ធនាគារ ពិភពលោក (IDA) និង​១៤​លាន​ដុល្លារ​អាមេរិក ជា​ថវិកាបដិភាគ​រប​ស់រាជ រដ្ឋាភិបាល​កម្ពុជា (RGC) ដែល អនុវត្ត​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​លោក​ថា គម្រោង​គ្របដណ្តប់​លើ​ខេត្ត​គោលដៅ​ដែលមាន​ដី​សមស្រប​អំណោយផល​សម្រាប់​យកមក​អនុវត្ត លើកលែង តែ រាជធានី​ភ្នំពេញ ដែល​ផ្តោត​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ការផ្តល់សេវា​គាំទ្រ បច្ចេកទេស សម្រាប់​ការប្រកប​របរ​ចិញ្ចឹមជីវិត​ផ្អែកលើ​កសិកម្ម​ជា​មូលដ្ឋាន​។​

​លោក​បាន​ថ្លែង​បន្តទៀតថា​៖«​លទ្ធផល​រំពឹងទុក​នៃ​គម្រោង គឺ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រហាក់ប្រហែល​ចំនួន ១៥ ០០០ គ្រួសារ​នឹង​ទទួល បាន ដី​សម្រាប់​រស់នៅ និង​ប្រកប​របរ​កសិកម្ម ព្រមទាំង​ជីវភាព​រស់នៅ​របស់​ពួកគាត់​នឹងមាន​ការកើនឡើង តាមរយៈ ការដាំដុះ​ដំណាំ ការចិញ្ចឹម​សត្វ និង​ការរៀបចំ​គ្រប់គ្រង​ជា​សហគមន៍​កសិកម្ម ដើម្បី​និរន្តរភាព​ទៅ​អនាគត​»​។ លើសពីនោះ​ទៅទៀត ពួកគាត់​នឹងមាន​លទ្ធភាព​ទទួលបាន​ធនធាន​កសិកម្ម ការរៀបចំ​ទៅជា​ក​សិ​ពាណិជ្ជករ និង​សេវា​សង្គម​ទូទៅ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្លូវថ្នល់​នៅក្នុង​សហគមន៍​នៃ​គម្រោង​ផងដែរ​។​

​គម្រោង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣ (LASEDIII) គឺជា​គម្រោង ដែលមាន​សកម្មភាព​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បែងចែក ដី​ដល់​អ្នកក្រីក្រ​គ្មាន​ដី តាមរយៈ​សម្បទាន​ដី​សង្គមកិច្ច​ដើម្បី​លើកកម្ពស់​ជីវភាព របស់​គ្រួសារ ក្រីក្រ​និង​ក្រុម ងាយ​រងគ្រោះ​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​។​

​គម្រោង​អនុវត្ត​ការធ្វើសម្បទាន​ដី​សង្គមកិច្ច​តាម​មូលដ្ឋាន ឃុំ​ដែលជា​ការផ្ទេរ​ដីឯកជន​របស់​រដ្ឋ​ទៅដល់​ជន ក្រីក្រ​សម្រាប់​គោលបំណង​ប្រើប្រាស់​ជា​លំនៅដ្ឋាន និង​ការធ្វើ​កសិកម្ម​តាម​គ្រួសារ​ដែល​ផ្តួចផ្តើម​ដោយ ឃុំ និង​សមាជិក​របស់ខ្លួន​៖  (i)​ចែក​ដី​របស់​រដ្ឋ​ដែល​សមស្រប​សម្រាប់​ផ្នែក​កសិកម្ម​រួមជាមួយ​នឹង សេវាកម្ម​គាំទ្រ សមស្រប​ទៅដល់​គ្រួសារ​ក្រីក្រ​គ្មាន​ដីធ្លី និង​មាន​ដីធ្លី​តិចតួច​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​និង (ii)​ណែនាំ និង​អនុវត្ត​ដំណើរការ​ដោយ​តម្លាភាព​និង​ស្តង់ដារ​ដើម្បី​ពង្រីក​ការអនុវត្ត​សម្បទាន​ដី​សង្គមកិច្ច​ដែល​ផ្តួចផ្តើម ឡើង​នៅ​មូលដ្ឋាន​។​

​គម្រោង​នេះ​ចាប់​អនុវត្ត​ដោយ​បែង​ចែកជា​៣​ដំណាក់កាល គឺ ដំណាក់កាល​ទី​១ (LASED-I ) ឆ្នាំ​២០០៨-២០១៥; ដំណាក់កាល​ទី​២ (LASED-II) ឆ្នាំ​២០១៦-២០២១;​ដំណាក់កាល​ទី​៣ (LASED-III); និង ឆ្នាំ​២០២០-២០២៦៕

Leave a Reply

Your email address will not be published. Required fields are marked *