កម្ពុជាសម្រេចលុបចោលការរឹតត្បិតការធ្វើដំណើរពីបរទេស

ភ្នំពេញៈ លោកនាយករដមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ថ្លែងអះអាងថា កម្ពុជាបានសម្រេច​លុបចោលចំណុចចំនួនបីសម្រាប់អ្នកដំណើរអន្តរជាតិ ក្នុងគោលដៅបន្ធូរបន្ថយលក្ខខណ្ឌតម្រូវចូលមកកម្ពុជា ក្នុងការ​សម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ ដែលចាប់អនុវត្តន៍​ចាប់ពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះតទៅ។

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសពិសេសមួយ ដោយប្រកាសកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នក​ដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា ដោយយោងតាមចំណារឯកភាព របស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេ​ចដូចខាងក្រោម៖

  • លុបចោល​លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។
  • លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។
  • អនុញ្ញាតឱ្យបើកដំណើរការ​ឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

លោកនាយរដ្ឋមន្រ្តីបានបញ្ជាក់ថា “នេះធ្វើឡើងតាមការស្នើសុំ របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ​ទេសចរ​មកកាន់កម្ពុជា កាន់តែច្រើនជាងមុន និងអាចឈានទៅកាន់ការស្តារវិស័យទេសចរ និងសេវាកម្មដែល​ទទួល​រងនូវវផលប៉ះពាល់ច្រើនជាងគេ”។ សម្តេចតេជោបញ្ជាក់ថា “ការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវ ចូលមក​កម្ពុជានេះ ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ រួមទាំងកាត់បន្ថយ​នូវការចំណាយធ្វើដំណើរ”។

លោកនាយរដ្ឋមន្រ្តីបានបញ្ជាក់ថា ការលុបចោលលក្ខខណ្ឌតម្រូវធ្វើតេស្ត PCR និងតេស្តរហ័ស ក៏នឹងជួយសម្រួល​ដល់​កា​រធ្វើដំណើរចេញចូល របស់បងប្អូនប្រជាជនខ្មែរ ទាំងការឈឺចាប់ដោយសាររុកច្រមុះ និងការចំណាយ​ថវិកាសម្រាប់ធ្វើតេស្ត។

លោកបានថ្លែងបន្តថា “យើងសម្រួលបញ្ហានេះ ដើម្បីទាក់ទាញការវិនិយោគ ការធ្វើធុរកិច្ច និងធ្វើទេសចរណ៍​នៅកម្ពុជា។ ចំណុចអស់ទាំងនេះ គឺជាចំណុចដែលយើងនៅតែបន្ត ក្នុងការធ្វើសកម្មភាពឆ្ពោះទៅមុខ ដើម្បី​គោលដៅនៃការអភិវឌ្ឍន៍រៀនរស់ ជាមួយនឹងកូវីដ១៩”។

លោកនាយរដ្ឋមន្រ្តីបានបញ្ជាក់ថា តាមរយៈការធ្វើតេស្តនេះ ធ្វើរាជរដ្ឋាភិបាលចំណាយប្រាក់យ៉ាងច្រើន ក្នុង១ថ្ងៃៗ ទៅលើឧបករណ៍តេស្ត និងសម្លៀកបំពាក់គ្រូពេទ្យផងដែរ។

លោកនាយរដ្ឋមន្រ្តីបានថ្លែងថា “ការខ្វេះចម្រុះធ្វើតេស្ត មិនមែនត្រឹមតែឈឺច្រមុះទេ វាអស់លុយ មួយថ្ងៃៗរាជរដ្ឋាភិបាលចាយលុយច្រើនណាស់ មានទាំងឧបករណ៍ធ្វើតេស្ត សម្លៀកបំពាក់ធ្វើតេស្ត”។

ចំពោះអ្នកដំណើរ ដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច៕