កម្ពុជាសំឡឹងមើលការបើកផ្លូវចរចារពាណិជ្ជកម្មសេរីជាមួយអារ៉ាប់រួម

​ភ្នំពេញៈ កម្ពុជា​និង សហភាព​អារ៉ាប់​រួម​បាន​ឯកភាពគ្នា​ក្នុង​បង្កើត​ក្រុមការងារ​ដើម្បី​សិក្សា​អំពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA)  ដើម្បី​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​កំណើន​បន្ថែម​ទៀត​។​

​ការលើកឡើង​អំពី​ផែនការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ទ្វេរ​ភាគី​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ពិព័រណ៍​ពិភពលោក ២០២០ ឌុយ​បៃ និង​

​លោក ថា​នី ប៊ី​ន អា​ម៉េ​ដ អាល់ ហ្ស៊េ​រ​យូ​ឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សហភាព​អារ៉ាប់​រួម​កាលពី​ថ្ងៃទី​២៤ ខែមករា នៅ​ទីក្រុង​ឌុយ​បៃ ដើម្បី​ពិនិត្យ​លទ្ធ​ភាពចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) និង​ជំរុញ​លើ​ឱកាស​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍ថា កម្ពុ​ជាមាន​ធនធានធម្មជាតិ​អំណោយផល​ជាច្រើន មាន​កសិផល​រាប់ពាន់​មុខ និង​មាន​វិស័យ​សក្តានុពល​ជាច្រើន​ដែល​កំពុង​អភិវឌ្ឍ​ដូចជា វិស័យ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ វិស័យ​វប្បធម៌​តំបន់​ប្រាសាទបុរាណ ជាពិសេស​ប្រាសាទអង្គរវត្ត វិស័យ​ដឹកជញ្ជូន​មាន​ព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់​អគារ ។​ល​។ ដែល​សហភាព​អារ៉ាប់​រួម​អាចមក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​បាន​។​

​លោក​បាន​ថ្លែងបន្តថា​៖« កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន និង​កូរ៉េ ហើយក៏​កំពុង​បន្ត​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​សំខាន់ៗ​មាន​ជាអាទិ៍ ជប៉ុន ឥណ្ឌា ម៉ុង​ហ្គោ​លី កាណាដា និង​អង់គ្លេស ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ជំរុញ​ការនាំចេញ​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

​លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់ឱ្យមាន​ក្រុមការងារ​មួយ ដើម្បី​សិក្សា និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​ប្រទេស​ទាំងពីរ ក្នុង​គោលបំណង​បង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ថែម​មួយកម្រិត​ទៀត​។​

​លោក ថា​នី​ប៊ី​ន អា​ម៉េ​ដ អាល់​ហ្ស៊េ​រ​យូ​ឌី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កម្ពុជា និង​បាន​សម្តែង​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ និង​ចូលរួម​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ ២០២០ ដែលមាន​រយៈពេល ៦​ខែ នេះ​។ លោក​បាន​បាន​ស្នើឱ្យ​ភាគី​កម្ពុជា​ជួយផ្តល់​ព័ត៌មាន​អំពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា និង​សិក្សា​បន្ថែម​អំពី​លទ្ធភាព​វិនិយោគ​រួមគ្នា​នាពេល​អនាគត​។​