កម្ពុជាសំឡឹងមើលទីផ្សារនីហ្សេរីយ៉ាក្នុងការជំរុញការនាំចេញកសិផល

ភ្នំពេញៈ កម្ពុជា-​នីហ្សេរីយ៉ា បាន​សន្យា​នឹង​ខិត​ខំ​រក​មធ្យោ​បាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឱ្យ​មាន​ទំហំ​កាន់​តែ​ធំ​បន្ថែម​ទៀត ខណៈ​ផលិត​ផល​កសិកម្ម​កម្ពុជា​ អាច​នឹង​មាន​សក្តានុ​ពល​ខ្ពស់​សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីនោះ​។

ការ​សន្យា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ ជា​មួយ​លោកស្រី Folakemi I. Akinleye ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព​នៃ​សាធារណ​រដ្ឋ​សហព័ន្ធ​នីហ្សេរីយ៉ា នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជ​កម្ម កាល​ពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣។​

របាយ​ការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ឱ្យ​ដឹង​ថា ​ក្នុង​រយៈពេល ៨ខែ​ដើម​ឆ្នាំ២០២៣ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ចំនួន ៤០១ ៦៩៩​តោន ស្មើ​នឹង​ជិត ៥៨​ភាគរយ​នៃ​ផែនការ​នាំ​ចេញ​អង្ករ​ចំនួន ៧០ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២៣។ ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈ​ពេល​ខាង​លើ គឺ​ប្រមាណ ២៧៨,៦៥​លាន​ដុល្លារ​។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២២ នៅ​ក្នុង​ជំនួប​ជា​មួយ​លោក ឱក ប៊ុង រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម លោក​ស្រី Folakemi I. Akinleye ធ្លាប់​បាន​លើក​ឡើង​ថា នីហ្សេរីយ៉ា មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កសិកម្ម និង​បាន​ស្នើ​ឱ្យ​កម្ពុជា-​នីហ្សេរីយ៉ា​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម-​វិនិយោគ តាម​រយៈ​ការ​ពិនិត្យ​លទ្ធភាព​វិនិ​យោគ​រួម​គ្នា​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​ ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​ទៅ​វិញ​ទៅ​មក និង​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ទ្វេភាគី។

ជា​ការ​ឆ្លើយ​តប លោក ឱក ប៊ុង ​បាន​ស្នើ​ឱ្យ​នីហ្សេរីយ៉ា ពិចារណា​លើ​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ដូច​ជា ផលិត​ផល​សម្លៀក​បំពាក់ ស្បែក​ជើង សម្ភារ​ធ្វើ​ដំណើរ កង់ និង​កសិផល​(អង្ករ ដំឡូង​មី ផ្លែ​មៀន និង​ស្វាយជា​ដើម​)។ បន្ថែម​លើ​នេះ លោក​ក៏​ស្នើ​ឱ្យ​មាន​ដំណើរ​ទស្សន​កិច្ច​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​ស្ថាប័ន​រដ្ឋ និង​ឯកជន​នីហ្សេរីយ៉ា​ដើម្បី​ស្វែង​យល់​ពី​បរិយា​កាស​ធុរកិច្ច និង​វិនិយោគ និង​វិស័យ​សក្តានុ​ពល​គួរ​វិនិយោគ​រវាងប្រទេស​ទាំងពីរ៕