កម្ពុជាស្វាគមន៍ភ្ញៀវទេចរជាង៣០ម៉ឺននាក់កាលពីសប្តាហ៍មុន

​ ​ភ្នំពេញៈ  ​ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ១​សប្តាហ៍​ពីថ្ងៃ​ទី​១៣-១៩​ខែមីនា ឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប ៣០៦ ៥១៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២៥៤ ៦១៨​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៥១ ៨៩៨​នាក់​។

ក្នុងនោះ​ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ គឺ ៦៨ ០៦៧​នាក់​, សៀមរាប ៤២ ៨៦៣​នាក់​, ភ្នំពេញ ៤០ ៤៧៣​នាក់​, កំពត ២៥ ២៣៣​នាក់​, បាត់ដំបង ២៥ ១៩៩​នាក់​, កំពង់ចាម ១៤ ១៨០​នាក់​, បន្ទាយមានជ័យ ១២ ២៩៥​នាក់​, ពោធិ៍សាត់ ១០ ៦៣០​នាក់​។​

​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា​៖«​ជាការ​កត់សម្គាល់ ចរន្ត​ភ្ញៀវទេសចរ​ក្នុងស្រុក​បន្ត​ស្ថិតក្នុង​រង្វង់​ប្រមាណ ៣០​ម៉ឺន​នាក់​ក្នុង​១​សប្តាហ៍ ខណៈ​សប្តាហ៍​កន្លងមក​យើង​ទទួលភ្ញៀវ​ក្នុងស្រុក​ប្រមាណ ១,៥​លាន​នាក់ ក្នុងនោះ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ធំ ពីថ្ងៃ​ទី​៨-១០ ខែមីនា ឆ្នាំ​២០២៣ បាន​ទាក់ទាញ​ភ្ញៀវ​ជាង ១​លាន​នាក់​»​។​

​​តារាង​សូចនាករ​របស់​ក្រសួងទេសចរណ៍ ឱ្យដឹងថា កាលពី​ឆ្នាំ​២០២២ ទេសចរ​ជាតិ​(Domestic Tourists) ដែល​ចេញ​ដើរ​កម្សាន្ត​ក្នុងស្រុក​មាន​ចំនួន​សរុប ១៣,៩៣​លាន​នាក់ កើនឡើង ១៩៨,៨​ភាគរយ​ធៀប​ឆ្នាំ​២០២១​។ ជា​មធ្យម​ទេសចរ​ជាតិ​ចំណាយ​រយៈពេល​ដើរ​កម្សាន្ត ៣​ថ្ងៃ ២​យប់ និង​ចំណាយ​ជា​មធ្យម ៥០​ដុល្លារ​ក្នុង​ម្នាក់ៗ ដែល​ស្មើនឹង​ទឹកប្រាក់​សរុប​ប្រមាណ ៦៥០​លាន​ដុល្លារ​៕