កម្ពុជា​អនុម័ត​គម្រោងចំណាយ​​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំ​២០២២​ចំនួន ៨ ៧០១​​លាន​ដុល្លារ

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុម័ត​កញ្ចប់​ថវិកា​ថ្នាក់​ជាតិ​ឆ្នាំ​២០២២ ចំនួនជាង ៨,៧​ពាន់​​លាន​ដុល្លារ​ កើន​ឡើង ៦,៨​​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១​ ខណៈ​ការ​ប្រមូល​ចំណូល​ គ្រោង​នឹង​ឱ្យ​បាន​ចំនួន​ ៥ ៧៧១​លាន​ដុល្លារ​​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១ ​ឱ្យ​ដឹង​ថា តាម​ការ​វាយ​តម្លៃ​ពាក់​កណ្តាល​ឆ្នាំ​កន្លង​មក សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា នឹង​មាន​កំណើន​ក្នុង​អត្រា​២,៤ភាគ​រយ​ ហើយត្រូវ​បាន​ព្យាករថា​នឹង​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​២០២២ ដោយ​ត្រូវ​បាន​ព្យាករថា​នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៤,៨ភាគ​រយ​ ដែល​ធ្វើ​ឱ្យផ.ស.ស.ថ្លៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​រង្វង់ ៣០ ៥៤៤​លាន​ដុល្លារ​ ស្រប​ពេល​ ផ.ស.ស. សម្រាប់​មនុស្ស​ម្នាក់ត្រូវ​រំពឹង​នឹង​កើន​ឡើង​ដល់ ១ ៨៤១​ដុល្លារ បើ​ប្រៀប​ធៀប​នឹង ១៧៣០​ដុល្លារ​ក្នុង​ឆ្នាំ​២០២១។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន តាម​ផែនការគម្រោង​ចំណាយ​ថវិកា​​ថ្នាក់​ជាតិ ឆ្នាំ​២០២២ ត្រូវ​បានគ្រោង​​​ចំនួន ៨ ០១៣​​លាន​ដុល្លារ ត្រូវ​ជា ២៦,២៤​ភាគ​រយ​នៃ​ផ.ស.ស. ​កើន​ឡើង ៦,៨​​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០២១។ ចំណែក​​ចំណូលថវិកា​ថ្នាក់​ជាតិ ​​គ្រោងរក​ឱ្យ​បាន​​ចំនួន ៥ ៧៧១​លាន​ដុល្លារ ត្រូវ​ជា ១៨,៩​ភាគ​រយ​នៃ​ផ.ស.ស ដែល​កើន​ឡើង​​​ ១៧,៧​​ភាគ​រយ​ធៀប​ឆ្នាំ​២០២១។​

សេចក្តី​ប្រកាស​ព័ត៌មានរបស់​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រីបានលើក​ឡើង​ទៀត​ថា ដើម្បី​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់៤,៨​ភាគរយ​ ក្នុង​បរិបទ​នៃ​ការ​កើន​ឡើង​នូវ​ភាព​មិន​ប្រាកដ​ប្រជា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស រដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​ស្តារនិង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់​នៅ​ជាមួយ​កូវីដ​១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ដោយ​មិន​ត្រឹម​តែ​ផ្តោត​លើ​ការ​ស្តារ​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាជន​ឱ្យ​បាន​ឆាប់​រហ័ស​ប៉ុណ្ណោ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកប​ដោយ​សមធម៌ និរន្តរ​ភាព និង​បរិយាបន្ន ក្នុង​រយៈពេល​វែង​ផង​ដែរ​ដោយ​ឈរ​លើ​សសរ​ស្តម្ភ​ចំនួន​បី​គឺ​ការ​ស្តារ​ការ​កែ​ទម្រង់ និង​ការ​កសាង​ភាពធន់។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​អះអាង​ថា៖​«​ក្នុង​ន័យ​នេះ ថវិកា​ឆ្នាំ​២០២២ អាច​ប្រសិទ្ធ​នាម​បាន​ថា​ជា«ថវិកា​សម្រាប់​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង និង​ការ​កសាង​សមត្ថភាព​រស់​នៅ​ជាមួយ​កូវីដ​១៩ តាម​កន្លង​ប្រក្រតី​ថ្មី ដើម្បី​បន្ត​ប្រយុទ្ធ ការពារ​អាយុ​ជីវិត​ប្រជាជន រក្សាលំ​នឹង​សង្គម-សេដ្ឋកិច្ច និង​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន ព្រម​ជាមួយ​នឹង​ការ​តម្រង់​ធន​ធាន​ឆ្ពោះ​ទៅ​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ»៕