កម្ពុជា​-​ចក្រភព​អង់គ្លេស​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​

​ភ្នំពេញ​៖ កម្ពុជា​-​ចក្រភព​អង់គ្លេស​នឹង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​មួយចំនួន សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​។​
​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម ដូ​មី​និក រ៉ា​អាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស នៅ​ទីស្ដីការក្រសួង​
​លោក ប្រាក់ សុខុន បាន​ថ្លែងថា​៖«​ខ្ញុំ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម ដូ​មី​និក រ៉ា​អាប់ រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​។ យើង​បាន​ចែករំលែក​នូវ​គោលបំណង​រួម​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​មួយចំនួន សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​»​។
«​យើង​បាន​ពិភាក្សា​អំពី​ការធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ របស់​កម្ពុជា ក៏ដូចជា​រិះរក​មធ្យោបាយ​ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស​។ យើង​ក៏បាន​ឯកភាព​បន្ត​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ផងដែរ​» នេះ​បើ​យោងតាម​ការ​ថ្លែង​អះអាង​របស់លោក ប្រាក់ សុខុន​៕

Leave a Reply

Your email address will not be published. Required fields are marked *