កម្ពុជា-ចក្រភពអង់គ្លេសប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម

 

ភំ្នពេញ៖ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំអាស៊ាន និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​ចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសហការី ក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងសហប្រតិបត្តិការក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកឯកអគ្គរាជទូត និង​សហការី ក្នុងឱកាសដែលឯកឧត្តមនិងសហការី អញ្ជើញធ្វើទស្សនកិច្ចមកកាន់កម្ពុជា ក្នុងគោលបំណង​ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី-តំបន់ ជាពិសេសផ្តោតលើការជំរុញ​កិច្ចសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស សម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះ​ពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេស ចំពោះការ​ផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺរាត​ត្បាតសកលនេះ និងឈានដល់ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចទាំងអស់។

លោករដ្ឋមន្ត្រី បង្ហាញជំនឿយ៉ាងមុតមាំថា ការឈានទៅរកប្រក្រតីភាពថ្មី គួបផ្សំជាមួយនឹងសមិទ្ធផល​ចម្បងៗ​ក្នុងវិស័យពាណិជ្ជកម្មដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មសម្រេចបានថ្មីៗនេះ នឹងក្លាយជា​កាតាលីករថ្មី ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយភាគីទាំងពីរនឹងបន្ត​ពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត សំដៅសម្រេចបាននូវកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរនាពេលអនាគត។

ពាក់ព័ន្ធនឹងភាពជាប្រធានអាស៊ានរបស់កម្ពុជាវិញ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីការគាំទ្រយ៉ាងពេញទំហឹង​របស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមសសរស្តម្ភសហគមន៍​សេដ្ឋកិច្ចអាស៊ាន ដែលកម្ពុជាបានដាក់ចេញ។ ក្នុងនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា​ស្វាគមន៍​ចំពោះការគាំទ្រពីចក្រភពអង់គ្លេសដែលជាប្រទេសដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន ដើម្បីអាចចូលរួម​ជាមួយកម្ពុជា ក្នុងការអនុវត្តសមិទ្ធិផលអាទិភាពសេដ្ឋកិច្ចទាំងអស់ឱ្យបានជោគជ័យជាផ្លែផ្កា ជាពិសេសក្នុង​ក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពភាពរវាងអាស៊ាននិងដៃគូសន្ទនា នានារួមមានចក្រភពអង់គ្លេស លើវិស័យកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើពាណិជ្ជកម្មឌីជីថល ការជំរុញសហគ្រិនភាពជាស្ត្រី ការចូលរួម​របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការជំរុញលើការធ្វើកសិកម្មប្រកបដោយចីរភាព ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យសេវាកម្មពាក់ព័ន្ធដទៃទៀត ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណនិងកោតសរសើរលោករដ្ឋមន្រ្ដី ចំពោះវឌ្ឍនភាព​រីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញទំនាក់​ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាក្នុង​នាម​ជាប្រធានអាស៊ាន ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេស ក្នុងការសហការជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បីអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច​ដែលកម្ពុជាបានដាក់ចេញ ប្រកបដោយជោគជ័យ និងកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ៕