កម្ពុជា-ថៃនឹងជំរុញការដោះដូរទំនិញទ្វេរភាគីឱ្យសម្រេចបាន១៥ពាន់លាននៅត្រឹមឆ្នាំ២០២៥

ភ្នំពេញ៖ ប្រទេសកម្ពុជា-ថៃ បានប្តេជ្ញាក្នុងការជំរុញការដោះដូរទំនិញទ្វេរភាគីរវាងប្រទេសទាំងពីរឱសម្រេច​បានតាម​គោលដៅ​​ចំនួន ១៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ក្រោយពីខកខានជាលើកទីពីរនៃការសម្រេចតាម​គោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលទាំងពីរនាពេលកន្លងមក ដោយសារផល​ប៉ះពាល់ជំងឺកូវីដ១៩ ដែលបានអូសបន្លាយពេលវេលាជិតពីរឆ្នាំមកនេះ។

កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានសន្យារួមគ្នាក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យសម្រេចបាន ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ។

យោងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​១១ (11th JC Meeting) ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (MFAIC) និង​លោក Don PRAMUDWINAI ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ កាលពីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធស្វែងរកមធ្យោបាយនានាដែលប្រកបដោយនវានុវត្តន៍ ដើម្បីពង្រីកវិសាលភាព និងស្វែងរកឱកាសបន្ថែមទៀតក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ។

«ភាគីទាំងពីរបានឯកភាពពន្លឿនការបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ ក៏ដូចជា​ពិភាក្សា​អំពីនីតិវិធីវិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់ការនាំចូល និងនាំចេញផលិតផលកសិកម្ម។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបើកច្រកអន្តរជាតិថ្មីៗ ដែលនឹងជួយសម្រួលដល់ការ​ដឹកជញ្ជូន​កាន់តែរហ័ស និងប្រសើរជាងមុន ព្រមទាំងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ»។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានបាន​ពី MFAIC កាល​ពីថ្ងៃទី២១​ខែធ្នូ។​

សេចក្ដីប្រកាសព័ត៌មាន​បន្តថា៖ «ជាមួយប្រទេសថៃក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់​កម្ពុជានៅ​ក្នុងតំបន់​​​រដ្ឋមន្ត្រីការបរទេសទាំងពីរ មានទំនុកចិត្តថាប្រទេសទាំងពីរអាចសម្រេចបាននូវគោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគីចំនួន ១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥»។

លោកសុធា សម្បត្តិប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រចាំប្រទេសថៃ (CBC) បានមានប្រសាសន៍ថា ថា

សម្រាប់វិស័យឯកជននៅតែចង់ជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យសម្រេចទៅតាមគោលដៅរបស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ។  

លោក​លើក​ឡើងថា សម្រាប់ឆ្នាំ 2022 ខាងមុខនេះ  ស្ថាប័នរបស់លោកនឹងរៀបចំពិព័រណ៍​ពាណិជ្ជ​កម្មប្រចាំសប្តាហ៍របស់កម្ពុជា ដែលនឹងដាក់តាំងបង្ហាញនូវផលិតផលរបស់កម្ពុជាជាច្រើនមុខ មានដូចជាផលិត​ផល​កសិកម្ម វិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ ផងដែរ។

លោក​បន្ថែមថា៖ «យើងគ្រោងនឹងធ្វើចុះកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា (MoU)បន្ថែមទៀត​ជាមួយសមាគមធុរកិច្ចថៃ ដើម្បីផ្សព្វផ្សាយផលិតផលរបស់យើង ដូច្នេះវានឹងរួមចំណែកកាត់បន្ថយអតុល្យភាព​ពាណិជ្ជកម្មជាមួយប្រទេសថៃ»។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបាន​កើនឡើងដល់ ៥,៩៧ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០២១ កើនឡើង ១៨ ភាគរយធៀបនឹង​រយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន ពី ៥,០៨ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃមានតម្លៃ ៦៨៧ លានដុល្លារ ធ្លាក់ចុះ ២៨ ភាគរយពី ៩៥៨ លានដុល្លារធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចូលពីថៃមានចំនួន ៥,២៨ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយពី ៤,៦១ ពាន់​លាន​ដុល្លារធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅប្រទេសថៃ ចាប់ពីខែមករា ដល់ខែកញ្ញា រួមមាន វាយនភ័ណ្ឌ ផលិតផលកសិកម្ម ត្បូងមានតម្លៃ វត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ ចំណែក​ការ​នាំ​ចូល​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ថាមពល ត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ស៊ីម៉ងត៍ និង​គ្រឿង​ឧបភោគ​បរិភោគ៕