កម្ពុជា​-​ថៃ​ប្តេជ្ញា​ធ្វើការ​រួមគ្នា​ជម្រុញ​ពាណិជ្ជកម្ម​តាម​ព្រំដែន

​ទីក្រុង​ឆុង​ឈី​ង ៖​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​-​ថៃ បាន​ប្តេជ្ញា​ក្នុង​ការជួយ​សម្របសម្រួល​លំហូរ​ពាណិជ្ជកម្ម នៅតាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ដើម្បី​ជម្រុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ឱ្យ​កាន់តែ​រលូន ទោះបីជា​ប្រទេស​នៃ​សមាជិក​អាស៊ាន​ទាំងពីរ​កំពុង​សកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​តាម​សហគមន៍​ក៏ដោយ​។​

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា និង​លោក ដន ប្រា​ម៉ាត់​វិណៃ ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីការបរទេស​ថៃ​នា​ជំនួយ​ទ្វេរ​ភាគី​ដាច់ដោយឡែក​មួយ​ក្នុង​ទីក្រុង​ឆុង​ឈី​ង​ប្រទេស​ចិន​។

​លោក​ប្រាក់ សុខុន​ត្រូវបាន​ដកស្រង់​សំដី​ដែល​បាន​សរសេរ​លើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា​៖« ខ្ញុំ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម ដន ប្រា​ម៉ាត់​វិណៃ ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីការបរទេស​ថៃ អំពី​កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រជាជន​កម្ពុជា និង​ថៃ​»​។

«​យើង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​កិច្ចសហការ​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​បាន​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ភាគី​ទាំងពីរ​ខិតខំ​ទ្វេដង ដើម្បី​សម្របសម្រួល​លំហូរ​ពាណិជ្ជកម្ម នៅតាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​។ យើង​ក៏បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ក្របខ័ណ្ឌ​ពហុភាគី ព្រមទាំង​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​បន្ថែមទៀត​»​។ នេះ​ជាការ​ថ្លែង​អះអាង​របស់លោក​ប្រាក់​សុខុន​។​

​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា និង​ថៃ សម្រេចបាន ៧ ២៣៦​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដោយ​ធ្លាក់ចុះ​២៣,១៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​ភាគច្រើន​បណ្តាល​មក​ការ​ផល​រំខាន​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម​ថៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *