កម្ពុជា-ថៃ សន្យារឹត​ចំណង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជកម្មឱ្យ​កាន់​តែ​រឹងមាំ​

 

ភ្នំពេញៈ កម្ពុជា​ បាន​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​គណៈ​ប្រតិភូ​នៃ​សភា​ពាណិជ្ជ​កម្ម​ថៃ ក្នុង​គោល​បំណង​ដើម្បី​រឹត​ចំណង​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ឱ្យ​​មាន​ទំហំ​ធំ​បន្ថែម​ទៀត ខណៈ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ​មាន​ទឹក​ប្រាក់​សរុប​ជិត ២,៣​ពាន់​លាន​ដុល្លារ​។

ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា រវាង​ លោក​ ស៊ាង ថៃ រដ្ឋ​លេខាធិ​ការ​ក្រសួង​ពាណិជ្ជ​កម្ម ជា​មួយ​នឹង​​ក្រុម​គណៈ​ប្រតិភូ​សភា​ពាណិជ្ជ​កម្ម​ថៃ ដែល​ដឹក​នាំ​ដោយ​លោក​ស្រី Doung Jai សមាជិក​សភា​ពាណិជ្ជ​កម្ម​ថៃ និង​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​ពាណិជ្ជ​កម្ម ព្រម​ទាំង​តំណាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ផង​ដែរ​​។

តំណាង​សភា​ពាណិជ្ជ​កម្ម​ថៃ លោកស្រី Doung Jai បានឱ្យ​ដឹង​ថា គោល​បំណង​នៃ​គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​ថៃ​មក​កាន់​ក្រសួង​ពាណិជ្ជ​កម្ម គឺ​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជកម្ម​ជា​មួយ​កម្ពុជា និង​ជម្រាបជូន​ពី​គម្រោង​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ថៃ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ថៃ​ប្រមាណ ៧០​ក្រុម​ហ៊ុន មក​កម្ពុជា នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ខាង​មុខ។​

លោក​ស្រី​និយាយ​ថា៖​«​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​សភា​ពាណិជ្ជ​កម្ម​ថៃ​នា​ពេល​ខាង​មុខ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណង​មិត្ត​ភាព​រវាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​សភា​ពាណិជ្ជ​កម្ម​ថៃ ព្រម​ទាំង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ធុរកិច្ច និង​វិនិយោគ​រវាង​ប្រទេស​ទាំង​២កម្ពុជា-ថៃ​ផង​ដែរ»។

ជា​ការ​ឆ្លើយ​តប លោក ស៊ាង ថៃ បាន​ថ្លែង​មតិ​ស្វាគមន៍​គណៈ​ប្រតិភូ​ថៃ ដែល​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ជាពិសេស​ការ​មក​ជួប​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​ពាណិជ្ជ​កម្ម ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់​តែ​មាន​ធំហំ​ធំ​បន្ថែម​ទៀត​។ លោក​បន្ថែម​ថា ​កម្ពុជា-ថៃ ជា​ប្រទេស​ជិត​ខាង​គ្នា មាន​កិច្ចសហ​ប្រតិបត្តិ​ការ​ល្អ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេ​ភាគី និង​ក្រប​ខ័ណ្ឌ​អាស៊ាន ដោយ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

លោក​បាន​បញ្ជាក់​ថា៖​«​​ក្រសួង​ពាណិជ្ជ​កម្ម​គាំទ្រ នឹង​ផ្តល់​កិច្ច​សហការ​ជាមួយ​សភា​ពាណិជ្ជ​កម្ម​ថៃ​ក្នុង​ការ​រៀបចំព្រឹត្តិ​ការណ៍​ខាង​លើ(​ជំនួប​ពិភាក្សា)​ក្នុង​គោល​បំណង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជ​កម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំង​២​បន្ថែម​ទៀត»។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញ​ថា ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា-​ថៃ​ ក្នុង​ឆមាស​ទី​១ ឆ្នាំ​​២០២២ ​មាន​ទឹក​ប្រាក់​សរុប ២ ២៩៧,០៧​​លាន​ដុល្លារ​ កើន​ឡើង​ ២២,៨​ភាគ​រយ​បើ​ធៀប​​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២១ ដែល​មាន​ចំនួន​ ១ ៨៧០,០៩​​លាន​ដុល្លារ។ ក្នុង​នោះ​ ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅប្រទេស​ថៃ មាន​ចំនួន ៤៩៥,៧៨​​លាន​ដុល្លារ​ កើន​ឡើង ៣៦,៧​​​ភាគ​រយ និង​ការ​នាំ​ទំនិញ​ពីថៃ​​មក​កម្ពុជា មាន​ចំនួន​ ១ ៨០១,៣២​​លាន​ដុល្លារ កើន​ឡើង ១៩,៥​​ភាគ​រយ​​៕