កម្ពុជា-ថៃ សហការគ្នាពង្រឹងវិស័យដឹកជញ្ជូននិងភស្តុភារ​កម្ម  

ទីក្រុងបាងកក៖ ប្រទេសកម្ពុជានិងប្រទេសថៃបានចុះ ចុះ​អនុស្សារណៈ​យោគ​យល់គ្នា(MoU)ដើម្បីលើកកម្ពស់​និងពង្រឹង វិស័យដឹកជញ្ជូននិងភស្តុភារ​កម្មក្នុងគោលបំណងដើម្បីសម្រួលនិងជំរុញការដោះដូរ​ទំនិញរវាង​ប្រទេសទាំងពីរ។

លោក​ស្រី កុយ សុដានី រដ្ឋលេខាធិ​ការ​ តំណាង​ឱ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា និង​លោក Danucha Pichayanan អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ​និង​សង្គម(NESDC)​ នៃប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ បាន​ធ្វើ​ពិធី​ចុះ​អនុស្សារណៈ​យោគ​យល់គ្នា(MoU) នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

MoU នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បង្កើត​ក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ស្មារតី​យោគ​យល់​គ្នា និង​សុច្ឆន្ទៈ និង​បង្កើន​ចំណង​មិត្ត​ភាព​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរក្នុង​វិស័យ​ភស្តុភារ​កម្ម។ ក្នុង​នោះ​មានទិស​ដៅ​គន្លឹះ​សំខាន់ៗ​ចំនួន ៣ គឺ​ ទី​១ កម្រិត​ក្រប​ខណ្ឌ​គោល​នយោបាយ ដែល​រួម​មាន គោល​នយោ​បាយ​ភស្តុភារ​កម្ម ក្រប​ខណ្ឌ​គតិ​យុត្ត និង​បទ​ប្បញ្ញត្តិ ក្រប​ខណ្ឌ​ស្ថាប័ន យន្តការ​សម្រប​សម្រួល និង​ការ​សម្រេច​ចិត្ត​ដំណើរ​ការ​នៃ​ការ​អនុវត្ត តាម​ដាន និង​វាយ​តម្លៃ​គោល​នយោ​បាយ, ទី​២ សូ​ចនាករ និង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ភស្តុភារ​កម្ម​ រួមមាន​ថ្លៃ​ចំណាយ​ភស្តុភារ​កម្ម​ធៀប​នឹង​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប (Logistics Cost per GDP) និង​សន្ទស្សន៍​ប្រតិបត្តិ​ការ​ភស្តុភារ​កម្ម (LPI: Logistics Performance Index), និង​ទី​៣ គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​ស្ថាប័ន និង​សមត្ថ​ភាព​របស់​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ភស្តុភារ​កម្ម​។

ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-​ថៃ មាន​ទឹក​ប្រាក់​សរុប ២ ២៩៧,១លាន​ដុល្លារ កើន​ឡើង ២២,៨​ភាគ​រយ​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​២០២១ ក្នុង​នោះ​ការ​នាំ​ទំនិញ​ពី​ថៃ​មក​កម្ពុជា ​តម្លៃ ១ ៨០១,៣១​លាន​ដុល្លារ កើន ១៩,៥​ភាគ​រយ និង​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា មាន​តម្លៃ ៤៩៥,៧៧​លាន​ដុល្លារ កើន​ឡើង ៣៦,៧​ភាគ​រយ។ នេះ​បើ​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕