កម្ពុជា​ និង​ម៉ាឡេស៊ីដាក់​​ឲ្យដំណើរការ​ជា​ផ្លូវការ​ នូវ​ការទូទាត់ឆ្លងកាត់ព្រំដែន​តាម​រយៈ​ប្រព័ន្ធបាគង

ភ្នំពេញ៖កម្ពុជា​ និង​ម៉ាឡេស៊ី កាល​ពីថ្ងៃ​ពុធបាន ដាក់​​ឲ្យដំណើរការ​ជា​ផ្លូវការ​ នូវ​ការទូទាត់ឆ្លងកាត់ព្រំដែន​តាម​រយៈ​ប្រព័ន្ធបាគង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC)​ ជាមួយធនាគារ​Maybank ដែលអនុញ្ញាត​ឱ្យមានការផ្ទេរប្រាក់​រវាង​ប្រទេសទាំងពីរ​ កាន់តែ​រហ័ស​ និងងាយស្រួល​​ភ្លាមៗ។​

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ NBC បាន​ឲ្យ​ដឹងថា ការដាក់​ឲ្យ​ដំណើរការ​ ដែលសហ​ការ​គ្នានេះ គឺជា​ចំណុច​ចាប់​ផ្ដើម​ដ៏ល្អ​រវាង​​ប្រទេសអាស៊ានទាំងពីរនេះ ក្នុងការអភិវឌ្ឍ​បច្ចេកវិទ្យា​​ហិរញ្ញវត្ថុ​ ដើ​ម្បី​ជួយសម្រួល​ដល់​ប្រជាជន​អាច​ផ្ទេរ​ប្រាក់​កាន់តែ​ងាយស្រួល​ និង​កាន់តែ​រហ័ស​ថែមទៀត​។​​

លោកស្រី​ថ្លែងថា៖ «​កិច្ចសហ​ការគ្នានេះ គឺគ្រាន់តែ​ជាការចាប់ផ្ដើម​ដំបូង​ប៉ុណ្ណោះ ហើយខ្ញុំ​ជឿជាក់ថា យើងនឹង​មានការសហការជាមួយគ្នា​ជាច្រើន​ថែមទៀត​ ​ ជាឧទាហរណ៍ នៅពេលនេះ  គឺជា​ការផ្ទេរប្រាក់​តែម្ខាង ប៉ុន្តែ​យើង​ក៏បន្តការងារ​ការផ្ទេរប្រាក់ទាំងពីរ​ ដែល​ប្រជាជន​មកពីប្រទេស​ម៉ាឡេស៊ី ក៏អាច​​ផ្ញើប្រាក់​មកពី​បាគង ទៅកម្មវិធីធនាគារMaybank ​របស់ពួកគេទៅ​ធនាគារក្នុងស្រុក​នៅក្នុងប្រទេស​ម៉ាឡេស៊ីបាន​ផងដែរ»។​

លោកDato’ MohdHanif Saudi អគ្គនាយក​ធនាគារ Maybank Cambodia បាន​ឲ្យ​ដឹងថា កិច្ចសហ​ការគ្នានេះ នឹង​ឆ្លើយត​បនឹង​ការអភិវឌ្ឍបច្ចុប្បន្ននៃ​ការទូទាត់​ឆ្លងកាត់ព្រំដែន​ ព្រមទាំង​ដើ​ម្បីដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាជន​កម្ពុជា ដែលកំពុងធ្វើការងារ​នៅក្នុងប្រទេស​ម៉ាឡេស៊ី ត្រូវការ​ផ្ញើ​ប្រាក់ទៅ​ផ្ទះ​ដែលត្រូវចំណាយពេលច្រើនថ្ងៃ​។​

លោក​លើកឡើងថា​៖ «​ខ្ញុំគិតថា ជាមួយនឹងគម្រោងបាគង យើងអាចជួយ​ និងដោះស្រាយ​បញ្ហា​ដែលយើង​មាន​នៅពេលបច្ចុប្បន្ន។ ពិតហើយ យើងមានចំណាប់អារម្មណ៍​ខ្លាំង​ក្នុងការធ្វើជាផ្នែក​មួយនៃ​គម្រោងបាគងនេះ។ ដោយ​មាន​គម្រោងបាគងនេះ ខ្ញុំគិត​ថា នៅពេលនេះ​ គ្រប់គ្នាអាច​ផ្ទេរប្រាក់​របស់ខ្លួន​ និងផ្ញើ​ប្រាក់​ទៅផ្ទះ​បាន​ភ្លាមៗ និង​ងាយស្រួល។ នោះគឺជា​បរិយាប័ន្នហិរញ្ញវត្ថុ​ ដែល​ផ្ដល់លទ្ធភាព​ដល់​គ្រប់ៗគ្នា​ ដល់សហគមន៍​​ដែលតយើង​បម្រើ ទោះបីជា​ពួកគេ​កំពុង​រស់នៅ​តាមតំបន់ជនបទ​ក៏ដោយ​»៕

Leave a Reply

Your email address will not be published. Required fields are marked *