កម្ពុជា​-​វៀតណាម​បន្ត​ប្តេជ្ញា​ការជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​តាម​ព្រំដែន​


​ភ្នំពេញ​៖ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​ព្រំដែន ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​បាន​យល់ព្រម​ក្នុងការ​សម្រួល​និង​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការដោះដូរ​ទំនិញ​នៃ​ប្រទេសជិតខាង​ទាំងពីរ​កាន់​តែមាន​កំណើន​បន្ថែមទៀត​។​


​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​តំណាង​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោក ត្រាន់ គ័ក​ខា​ញ់ អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្មនា​ពេលកន្លងមក និង​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​


​ភាគី​ទាំង​ពីរបាន​លើកទ្បើង​ផងដែរ​អំពី​សារៈសំខាន់​នៃ​ការបញ្ចប់​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​- វៀតណាម ដែល​បាន​ចរចា​បញ្ចប់​រួចហើយ និង​ត្រូវ​ព​ន្លឿ​ន​ការចុះហត្ថលេខា​និង​នីតិវិធី​ក្នុងស្រុក ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ស្តារ​សេដ្ឋកិច្ច​ទ្បើង​វិញ​ក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ជាពិសេស​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។
​ក្នុងនោះ​ផងដែរ ភាគី​ទាំង​ពីរបាន​ពិភាក្សា​និង​ពិនិត្យ​លទ្ធភាព​ជំរុញ​ផលិតផល​មាន​សក្តានុពល របស់​កម្ពុជា នាំចូល​ទីផ្សារ​វៀតណាម តាមរយៈ​ការ​ផ្តល់នូវ​ភាពអនុគ្រោះ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​ព្រំដែន​។​


​ភាគី​ទាំង​ពីរបាន​ឯកភាព​អំពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ ដើម្បី​បំពេញ​ឱ្យ​ការនាំចេញ​ទៅវិញទៅមក​។ ជាមួយគ្នានេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​វឌ្ឍនភាព​ពាណិជ្ជកម្ម​អន្តរជាតិ និង​តំបន់​ផងដែរ ហើយ​ភាគី​វៀតណាម​បញ្ជាក់​សារជាថ្មី​នូវ​ជំហរ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កម្ពុជា ក្នុងអំឡុង​ពេលដែល​ក​ម្ពុ​ជា​ធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​២០២២ ដើម្បី​ពង្រឹង​ស្ថិរភាព និង​ការអភិវឌ្ឍ​នៃ​ប្រទេស​ទាំងពីរ​និង​តំបន់​អាស៊ាន​។


​ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​ធានា​ឱ្យបាន​នូវ​ពាណិជ្ជកម្ម​បើកចំហ និង​កិច្ច​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដោយ​ធ្វើយ៉ាងណា​ឱ្យ​លំហូរ​ពាណិជ្ជកម្ម​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។


​ភាគី​ទាំងពីរ​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សំដៅ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។​


​យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជ​កុម​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​វៀតណាម ដែល​សម្រេចបាន​ប្រមាណ​ជាង ៨​ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២១ ទោះបីជា​ប្រទេស​ទាំងពីរ​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក​ក៏ដោយ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ បានបញ្ជាក់​ជូន​ថា នេះ​សបញ្ជាក់ ឱ្យឃើញ​ពី​កិច្ច​សហប្រតិបត្តិ​ដ៏​ល្អប្រសើរ​លើ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ ជាពិសេស​ផលិតផល​កសិកម្ម និង​កែច្នៃ​៕