កម្ពុជា-វៀតណាមប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យ វិស័យដឹកជញ្ជូន និងភស្តុភារកម្ម

 

ទីក្រុងហាណូយ៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាន​ដឹកនាំ​គណៈប្រតិភូក្រសួង រួមមានសមាសភាពជាអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម អភិបាលរងនៃ​គណៈអភិបាល​ខេត្តស្វាយរៀង និងមន្រ្តីជាន់ខ្ពស់មកពីកំពង់ផែស្វយ័តភ្នំពេញ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ អគ្គនាយកដ្ឋានភស្តុភារកម្ម និងនាយកដ្ឋានផ្លូវដែក រួមជាមួយជំនាញការជប៉ុន ដើម្បីធ្វើទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជននៅប្រទេសវៀណាម។

ទស្សនកិច្ចមានរយៈពេល២ថ្ងៃនេះ ចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានគោលបំណង ស្វែងយល់អំពីមុខងារសំខាន់ៗរបស់ស្ថាប័នរដ្ឋក្នុងការចូលរួមអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ពង្រឹង​កិច្ចសហប្រតិបត្តិការ និងបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យភស្តុភារកម្មរវាងប្រទេស​ទាំងពីរ ស្វែងយល់អំពីការរៀបចំ និងការអនុវត្តគោលនយោបាយភស្តុភារកម្ម ព្រមទាំងការប្រមូលទិន្នន័យភស្តុភារកម្ម និងដឹកជញ្ជូន ស្វែងយល់អំពីការអប់រំ និងការអភិវឌ្ឍធនធានមនុស្សលើវិស័យភស្តុភារកម្មនៅប្រទេសវៀតណាម ស្វែងយល់អំពីការអនុវត្តគម្រោង ជាពិសេសការអនុវត្តគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មSuperport របស់ក្រុមហ៊ុនYCH នៅក្បែរទីក្រុងហាណូយ។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក្រសួង បានជួបពិភាក្សាការងារ ក្រសួងដឹកជញ្ជូនវៀតណាម ដើម្បីសិក្សាស្វែងយល់អំពីក្របខណ្ឌនៃការរៀបចំគោលនយោបាយ អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសវៀតណាម និងផែនការនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក​ជាមួយប្រទេសកម្ពុជា និងបានជួបពិភាក្សាក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីសិក្សាស្វែងយល់ អំពីមុខងារសំខាន់ៗពាក់ព័ន្ធនឹងវិស័យភស្តុភារកម្ម និងការរៀបចំ និងអនុវត្តគោលយោបាយភស្តុភារកម្ម។

គណៈប្រតិភូ បានជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុនYCH និងធ្វើទស្សនកិច្ចនៅការដ្ឋានសាងសង់គម្រោង​អភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មដើម្បីសិក្សាស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មនៅ​ទីក្រុងហាណូយ តភ្ជាប់នឹងព្រលានយន្តហោះអន្តរជាតិណយបៃ ក្រុងហាណូយ។ មជ្ឈមណ្ឌលភស្តុភារកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួល និងបង្កើនរំហូរពាណិជ្ជកម្មជាតិ និងអន្តរជាតិនៅក្នុងទីក្រុងហាណូយ។

គណៈប្រតិភូបានពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈយោគយល់នៃការដំឡើងកូតារថយន្តធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ព្រមទាំងបានកំណត់ពេលវេលា និងទីកន្លែងសម្រាប់កិច្ចប្រជុំទ្វេភាគីដើម្បី​ពិនិត្យលទ្ធភាពក្នុងការជំរុញការបញ្ចប់សេចក្តីព្រាងអនុស្សារណៈយោគយោល់នេះ និងកិច្ចប្រជុំពាក់ព័ន្ធ និងបញ្ហាប្រឈមនានានៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​រវាងប្រទេសកម្ពុជា-វៀតណាមរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងភស្តុភារកម្ម។

គណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យពាណិជ្ជកម្មបរទេសដើម្បីស្វែង​យល់អំពី​កម្មវិធីសិក្សា និងប្រព័ន្ធអប់រំជំនាញភស្តុភារកម្មនៅប្រទេសវៀតណាម និងកិច្ចសហប្រតិបត្តិការ និងការសម្រប​សម្រួល​ជាមួយនឹងរដ្ឋាភិបាល និងបានជួបពិភាក្សាជាមួយវិទ្យាស្ថានយុទ្ធសាស្រ្ត ដឹកជញ្ជូន និង ការអភិវឌ្ឍដើម្បី​ស្វែងយល់អំពីក្របខណ្ឌនៃការប្រមូលទិន្នន័យដឹកជញ្ជូន និងភស្តុភារកម្ម និងការផ្សព្វផ្សាយស្ថិតិ និង​របាយការណ៍​​សិក្សាគោលនយោបាយពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម៕