កម្ពុជា-វៀតណាម​ នឹងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ​លើ​វិស័យកសិកម្ម​​ឆាប់នេះ

ភ្នំពេញ៖ ជាកិច្ចខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេរភាគី កម្ពុជា-វៀតណាម​ គ្រោងនឹងចុះកិច្ច​ព្រមព្រៀង​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យកសិកម្ម​​នៅក្នុងខែធ្នូនេះ សំដៅធ្វើយ៉ាងជំរុញ និងលើកកម្ពស់ការដាំដុះ និងនាំចេញទិន្នផលកសិកម្មឱ្យមានកម្រិតខ្ពស់។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានមានប្រសាសន៍ថា គម្រោងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ​លើ​វិស័យកសិកម្មនេះ គឺជាសំណើរបស់ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​រដ្ឋសង្គមនិយមវៀតណាមថ្មី នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីកសិកម្មកម្ពុជា លោក វេង សាខុនកាលពីថ្ងៃទី៣០​ ខែវិច្ឆិកាកន្លងទៅ។

លោកបានបញ្ជាក់បន្ថែមថា ជាមួយនិងកិច្ចព្រមព្រៀងដែលមានស្រាប់ ប្រទេសទាំងពីរមានបំណងដើម្បីធ្វើយ៉ាង​ណាឱ្យកាន់តែមានភាពប្រសើរឡើងនៃទំនាក់ទំនងពាណិជ្ជកម្ម ការដោះដូរទំនិញជាពិសេសលើកសិក​ផល​កសិកម្ម និងបច្ចេទេសដាំដុះ។

លោកបានបន្ថែមថា ៖« ចំពោះផែនការនៃការចុះកិច្ចព្រមព្រៀងនេះ គឺយើងចង់បានគឺធ្វើម៉េចឲ្យ​មាន​ចំណូល​របស់កសិករ​មានកំណើន កាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាជនយើង តាមរយៈលំហូររលូននៃទីផ្សារ​កសិផល ។តាមពិត​ទៅ​ វាមានលក្ខណៈ​ពិសេសដែរ ដែលប្រទេសវៀតណាម ជាប្រទេសជិតខាងរបស់យើងនេះ  ដូចនេះ​របស់ធ្ងន់​ៗ​ដែលយើង​ដឹកទៅឆ្ងាយ ហើយលក់ហ្នឹង វាមិនចំណេញដូចយើងដឹកទៅជិតទេ»។

លោកបានបន្តថា លោកត្រៀមនឹងកោះអញ្ជើញអ្នកជំនាញនៅតាមអង្គភាពពាក់ព័ន្ធ នៅក្នុងក្រសួង​កសិកម្ម​ដើម្បីពិគ្រោះយោបល់គ្នាមុននឹងឈានដល់ការចុះកិច្ចព្រមព្រៀង ជាពិសេសការស្វែងរកផល​ចំណេញឱ្យបានជា​អតិបរមាសម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួល​បានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញ​កសិផល​ទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧ ១៣១ ៩១៥,០៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ៣ ៤៤៤ ២៨៨,១៨ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន៕