កម្ពុជា-សហភាពអឺរ៉ុបបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម

ភ្នំពេញ៖ លោកស្រី តឹករ៉េត កំរង បានថ្លែងថា ពាណិជ្ជកម្មទ្វេភាគីរ​វាងកម្ពុជា​និង​សហភាព​អឺរ៉ុប ពិតជាមានសារៈសំខាន់​ណាស់ ព្រោះវាបានចូលរួមចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបានមួយចំណែកធំ។

ការលើកឡើងរបស់លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារ​ជាមួយ​លោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ដែលបាន​តែងតាំងថ្មី និងលោកស្រី Camilla Lombard អនុប្រធានផ្នែក​កិច្ចសហប្រតិបត្តិការ នៃប្រតិភូ​សហភាពអឺរ៉ុប​​​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តាមរយៈ​ប្រព័ន្ធវីដេអូ ព្រមទាំងមាន​ការចូលរួម​ពីឯកឧត្តម លោកជំទាវ លោក លោកស្រី និង​មន្ត្រីជំនាញ ប្រមាណ ២៥រូប។

លោកស្រី កំរងបានថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈក្រសួងពាណិជ្ជកម្ម ក៏បាន​ខិតខំ​ប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីក្រោម​ក្របខណ្ឌទ្វេភាគី ពហុភាគី និងតំបន់ ស្របតាម​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រ​សមាហរណ​កម្មពាណិជ្ជកម្ម ២០១៩-២០២៣។

លោកស្រីបានបញ្ជាក់ថា។៖« ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែប្រសើររវាងកម្ពុជា និងសហភាពអឺរ៉ុប ភាគីទាំងពីរបានបង្ហាញជំហរក្នុង​ការរួមគ្នា​អនុវត្តនូវគំនិតផ្តួចផ្តើមថ្មីៗ និងគម្រោងជំនួយដើម្បីបម្រើដល់​កិច្ចសម្រួល​ពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃតំបន់ ការបង្កើត​ការងារ និងការតភ្ជាប់តំបន់ប្រកបដោយនិរន្តរភាព​ និងបរិយាប័ន្ន និងជាពិសេស​ការចូលរួមក្នុងកិច្ចការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣»៕

Leave a Reply

Your email address will not be published. Required fields are marked *