កម្ពុជា​-​សិង្ហ​បុរី​សហការគ្នា​លើ​សេដ្ឋកិច្ច​លើ​វិស័យ​ឌីជីថល​រូបនីយកម្ម និង​ការ​លក់រាយ​

​ភ្នំពេញ​៖ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការ​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​សេដ្ឋកិច្ច​លើ​វិស័យ​ឌីជីថល​រូបនីយកម្ម និង​ការ​លក់រាយ ប្រទេស​កម្ពុជា​និង​សី​ង្ហ​បុរី​បាន​យល់ព្រម​សហការគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ទាំងពីរ​នេះ​ផ្តល់​អត្ថប្រយោជន៍​កាន់តែច្រើន​សម្រាប់​វិស័យ​ឯង​ក​ជន​ជាពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម​

​នា​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ កន្លងទៅ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង បាន​ដឹកនាំ​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោក Alvin Tan អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សឹង្ហ​បុរី តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​អំពី​កាលានុវត្តភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​វិស័យ​ឌីជីថល​រូបនីយកម្ម និង​ការលក់​រាយ​រវាង​ប្រទេស​ទាំងពីរ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើង​ពី​វឌ្ឍនភាព​នៃ​វិស័យ​ឌីជីថល​នៅ​កម្ពុជា ពិសេស​ក្នុង​បរិការណ៍​កូ​វីដ​-១៩ ដែល​ក្នុងនោះ​រួមមាន​ការកើនឡើង​នៃ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ដល់​ប្រមាណ ១២ លាន​នាក់​នៅ​កម្ពុជា ហើយ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) ប្រមាណ​២/៣ នៅ​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​ឌីជីថល​ក្នុង​ប្រតិបត្តិការ​របស់គេ​។

​លោក បាន​សង្កត់ធ្ងន់ថា ស្រប​នឹង​កំណើន​ដ៏​គួរឱ្យកត់សម្គាល់​នេះ រាជរដ្ឋាភិបាល​បាន​បង្កើតជា​បទ​ប្បញ្ញត្តិ និង​យន្តការ​ជាច្រើន សំដៅ​ធានា​ការពារ និង​លើកកម្ពស់​និរន្តរភាព​នៃ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ដែល​ក្នុងនោះ​រួមមាន​ការដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ច្បាប់​ស្តីពី​ការទូទាត់​ដែលមាន​កិច្ចធានា ច្បាប់​ស្តីពី​ការប្រកួតប្រជែង យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​ក្របខណ្ឌ​គោលនយោបាយ​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥ ជាដើម​។​

​លោក​រដ្ឋលេខាធិការ​បន្ត​ថា កម្ពុជា​ក៏​គាំទ្រ​ការអនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ក្របខណ្ឌ​តំបន់​ពាក់ព័ន្ធ​នឹង​វិស័យ​ឌីជីថល ដែល​រួមមាន​៖ ផែនការមេ​ស្តីពី​ឌីជីថល​ក្នុង​អាស៊ាន​ឆ្នាំ​២០២៥ ផែនការ​សកម្មភាព​ស​ម្រា​ប់​អនុវត្ត​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ផែនទី​បង្ហាញផ្លូវ​បង់​ដា​សេរី​បេ​ហ្កា​វ៉ាន់ ដែល​ទើបតែ​ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ​២០២១ ផងដែរ​។ ទោះជា​យ៉ាងណា ឯកឧត្តម​បាន​រំលេច​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​កម្ពុជា​ជួបប្រទះ ពិសេស​កង្វះខាត​នៃ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​សម្រាប់​គាំទ្រ​សេដ្ឋកិច្ច​ឌីជីថល កង្វះខាត​ធនធានមនុស្ស និង​ភាព​នៅមានកម្រិត​នៃ​បទ​ប្បញ្ញត្តិ​ចាំបាច់ ដែល​ត្រូវការ​ការគាំទ្រ​ពី​ដៃគូ​នានា រួមមាន​ពី​សឹង្ហ​បុរី​ផងដែរ​។​

​ជាការ​ឆ្លើយតប លោក Alvin Tan បានបង្ហាញ​ការអបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សម្រប​ខ្លួន​អនុវត្ត​សកម្មភាព​ឌីជីថល​បាន​យ៉ាងច្រើន និង​ឆាប់រហ័ស​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។ ជាមួយនឹង​សុទិដ្ឋិនិយម​ខ្ពស់​នេះ ឯកឧត្តម​ស្នើ​កម្ពុជា​ពិចារណា​គាំទ្រ​ការសិក្សា​រួមគ្នា​ស្តីពី​ការធ្វើ​អត្តសញ្ញាណ​ធុរកិច្ច​រួមមួយ​សម្រាប់​តំបន់​អាស៊ាន ដើម្បី​ធានា​សង្គតិភាព នៃ​ការ​ស្តុក​ទុក​ព័ត៌មាន​ធុរកិច្ច​ក្នុង​តំបន់​នេះ និង​គាំទ្រ​អន្តរ​ប្រតិបត្តិការ (Interoperability) នៃ​ការធ្វើ​ធុរកិច្ច​បែប​ឌីជីថល​ក្នុង​តំបន់​ផងដែរ​។

​ខណៈ​ទូត​បាន​គាំទ្រ​សំណើ​របស់​កម្ពុជា​ក្នុង​ការបន្ត​បញ្ជូន​អ្នកជំនាញការ​សឹង្ហ​បុរី​មក​ផ្តល់​ជា​ជំនាញ​បច្ចេកទេសផ្នែក​ឌីជីថល​ដល់ SMEs និង​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ឯកឧត្តម​បានស្នើ​ឱ្យ​ភាគី​កម្ពុជា​ជួយ​បន្ថែ​មការ ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នានា​ក្រោម​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ដល់​វិនិយោគិន និង​ធុរជន​សឹង្ហ​បុរី នៅ កម្ពុជា​ផងដែរ​។ ឯកឧត្តម​ក៏បាន​គាំទ្រ​សំណើ​កម្ពុជា​ក្នុងការ​បង្កើត​ក្របខ័ណ្ឌ​ឌីជីថល​លើ​ទីផ្សារ​បន្ថែមទៀត ពិសេស​ទីផ្សារ​អេឡិចត្រូនិក (E-Marketplaces) សំដៅ​ពង្រឹង​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅក្នុង និង​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​លើ​បញ្ហា​មួយចំនួនទៀត ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​តំបន់​។​

​ជា​កិច្ចបញ្ចប់ លោក​រដ្ឋលេខាធិការ​បា​ន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​ដ៏​ប្រសើរ​រវាង​កម្ពុជា និង​សឹង្ហ​បុរី ហើយ​បង្ហាញ​ការពេញចិត្ត​ចំពោះ​ជំហរ​របស់​សឹង្ហ​បុរី​ក្នុង​ការគាំទ្រ​ភាពជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​នេះ​ផងដែរ​៕