កម្ពុជា-អាមេចរិកបន្តពង្រឹងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស បានជួបជាមួយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy នៅព្រឹកថ្ងៃអង្គារទី១៨ ខែឧសភាបានជួបពិភាក្សាពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់។

លោកទាំងពីរបានពិភាក្សាពីវិធីដែលសហរដ្ឋអាមេរិកអាចជួយប្រទេសកម្ពុជាបាន នៅក្នុងការប្រឆាំងនឹងជំងឺកូវីដ ១៩ និងការខិតខំជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិដែលកំពុងមាន​នៅប្រទេសភូមា។

បើយោងតាមសេចក្តីប្រកាសព័ត៌មានពីទូតអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាដៃគូរឹងមាំជាប់លាប់មួយ​របស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសាកល​នៃមេរោគ ដោយបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លារ ជាជំនួយ​ផ្តល់ឲ្យដោយផ្ទាល់ ទាក់ទងនឹងជំងឺកូវីដ ១៩ ជំនួយបច្ចេកទេសសំខាន់ៗ ជាបន្ថែម​លើកម្មវិធីសហការជាដៃគូជាយូរមកក្នុងផ្នែកសុខាភិបាល និងបានផ្តល់ថវិកាចំនួនជាង ៤ ពាន់លានដុល្លារ ដែលជាចំនួនផ្តល់ឲ្យលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក របស់អង្គការសុខភាពពិភពលោក ដែលតាមរយៈកម្មវិធី​នេះ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១ លាន ១ សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត ។

សហរដ្ឋអាមេរិកគាំទ្រការខិតខំរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតជាសមាជិកអាស៊ាន នៅក្នុងការជំរុញដំណើរការ និងស្ថាប័ននៃលទ្ធិប្រជាធិបតេយ្យ ហើយនិងនីតិរដ្ឋ នៅក្នុងតំបន់ ដោយរួមទាំង​នៅប្រទេសភូមាផងដែរ។

អស្ថិរភាពដែលបង្កឡើងដោយសាររដ្ឋប្រហារយោធា ប៉ះពាល់តំបន់ទាំងមូល ហើយប្រទេសជាសមាជិកអាស៊ាន មានតួនាទីដ៏សំខាន់ ក្នុងការជួយធ្វើឲ្យប្រទេសភូមាដើរលើគន្លង​នៃលទ្ធិប្រជាធិបតេយ្យឡើងវិញ។ យើងសូមលើកទឹកចិត្តឲ្យសមាគមអាស៊ានចូលរួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ នៅប្រទេសភូមា ក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់វិបត្តិ​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *