កសស បាន​សម្រេច​ការ​កែ​សម្រួល​រយៈ​ពេល​ស្តុក​កុង​តឺន័រ​នាំចេញ​ដោយ​គិត​ថ្លៃ១សប្តាហ៍​

ភ្នំពេញៈកំពង់ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ(កសស) បាន​សម្រេច​ការ​កែ​សម្រួល​រយៈ​ពេល​ស្តុក​កុង​តឺន័រ​នាំចេញ​នៅ​កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ ​ដោយ​គិត​ថ្លៃ​រហូតដល់រយៈ​ពេល​១សប្តាហ៍​ដែល​នឹង​អនុវត្ត​នៅ​ខែ​ក្រោយ​នេះ​ត​ទៅ​។

សេចក្តី​ជូន​ដំណឹង​របស់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ឱ្យដឹងថា ​សេចក្តី​សម្រេច​នេះ​គឺ​យោង​តាម​ស្មារតី​អង្គ​ប្រជុំ​រវាង ​កសស ​និង​តំណាង​ក្រុមហ៊ុន​នាវា​ កាល​ពីថ្ងៃ​ទី ​៣០​ ខែ​សីហា​ ឆ្នាំ​២០២១​ កន្លងមក។​

សេចក្តីជូន​ដំណឹងចុះ​ហត្ថ​ខេលា​ដោយ​ លោក ថៃ ឫទ្ធី អគ្គ​នាយក​រង កសស ​បន្តថា​ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​កិច្ច​សម្រប​សម្រួល​ពាណិជ្ជ​កម្ម ​ក្នុង​វិស័យ​ដឹក​ជញ្ជូន ​និង​ភស្តុភារ​កម្ម​ ក្នុង​គោល​ដៅ​សម្រួល​ដល់​ការ​ធ្វើ​ធុរៈ​កិច្ច​ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​ធុរជន ​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ​ សូម​ធ្វើការ​កែ​សម្រួល​រយៈ​ពេល​ស្តុក​កុង​តឺន័រ​នាំ​ចេញ ពី​ការ​អនុគ្រោះ​មិន​គិត​ថ្លៃ​ស្តុក​ក្នុង​រយៈពេល ​៥​ថ្ងៃ ​មក​អនុគ្រោះ​មិន​គិត​ថ្លៃ​ស្តុក​ក្នុង​រយៈ​ពេល​ ៧​ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃ​ដែល​កុង​តឺន័រ​ចូល​ដល់​ទីលាន​រហូត​ដល់​ថ្ងៃ ​នាវាចេញ​ដំណើរ​។

ប៉ុន្តែ​ប្រសិនបើ​ហួស​ពី​រយៈ​ពេល​កំណត់​ខាង​លើ​ចាប់​ពី​ថ្ងៃទី​៨​ គឺ​គិត​ថ្លៃ​ស្តុក​ចំនួន ​១ថ្ងៃ ​និង​កំណើន​ជា​លំដាប់​តាម​ ចំនួន​ថ្ងៃ​ស្តុក​។ចំពោះ​រយៈ​ពេល​ស្តុក​កុង​តឺន័រ​ កែ​សម្រួល​ថ្មីនេះ ​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ​០១​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ តទៅ​។

​របាយការណ៍​របស់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ បង្ហាញថា​ ក្នុង​ឆ្នាំ ២០២០ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​ កសស មាន​ចំនួន​ ​៦៤១ ៨៤២ TEUs កើន​ ០,៤១ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន ៦៣៩ ២១១ TEUs។

ទិន្នន័យ ​បាន​ឱ្យដឹង​ទៀត​ថា ​ក្នុង​ឆ្នាំ ​២០២០​ កសស ​ទទួល​បាន​ប្រាក់​ចំណូល​សរុប​ចំនួន ​៣១១ ៨១៣ ៧៦៩ ០០០ ​រៀល ​ធ្លាក់​ចុះ​ ៦,៦២ ​ភាគ​រយ ​និង​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​ចំនួន​ ២៦ ៦០៧ ៥៩៤៤ ០០០ រៀល​ ថយ​ចុះ ​៣៨,៧៨ ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០១៩៕