ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែននៅក្នុងប្រទេសឡាវ ​

រាជធានីភ្នំពេញថ្ងៃសុក្រ ​ទី១៨ខែសីហាឆ្នាំ២០២៣​ធនាគារអេស៊ីលីដាភីអិលស៊ី “ប្រជាធនាគារ​ដែលលោក​អ្នក​ជឿទុកចិត្ត” បានប្រកាសជាផ្លូវការនៅថ្ងៃនេះថាធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែននៅក្នុងប្រទេសឡាវ ដំណាក់កាលទី១៖កម្ពុជាស្កេនឡាវ QR Codeក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាននិងបរិយាប័ន្នហិរញ្ញវត្ថុស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។

 

បណ្ឌិត អ៊ិន ចាន់នីប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា បន្ទាប់ពីភាព​ជោគជ័យតាមរយៈប្រព័ន្ធបាគងដែលធនាគារអេស៊ីលីដាជាសមាជិកនិងត្រូវបានចាត់តាំងដោយធនាគារជាតិនៃកម្ពុជា (NBC) ជាធនាគារទំនាក់ទំនងធនាគារ អេស៊ីលីដា នៅតែបន្តបេសកកម្មបន្ថែមទៀតជាមួយនឹង​ការពង្រីកការទូទាត់តាមរយៈ ការស្កេនQR ឆ្លងដែននៅសាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ បន្ទាប់ពីបាន​ដំណើរការទូទាត់​ QR ឆ្លងដែនដោយជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាម។ ធនាគារ​អេស៊ីលីដាភីអិលស៊ី​និងធនាគារអេស៊ីលីដាឡាវ លីមីតធីតត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់​ការទូទាត់ឆ្លង​ដែន​​រវាងកម្ពុជានិងឡាវសម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀលនិងឡាវគីប)។

លោកបណ្ឌិត បានបន្ថែមថាការទូទាត់ឆ្លងដែននេះ មានគោលបំណងលើកកម្ពស់ការទូទាត់រវាងប្រទេសទាំងពីរ​និងក្នុងតំបន់ ដើម្បីគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុនិងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ការទូទាត់ឆ្លងដែន​តាមរយៈQR Code អនុញ្ញាតឱ្យអតិថិជននិងសាធារណជន អាចទិញទំនិញនិងធ្វើការទូទាត់ថ្លៃទំនិញនៅពេល​ធ្វើដំណើរ​ទៅកាន់ប្រទេសជិតខាងដោយគ្រាន់តែស្កេនQR Code បានកាន់តែមានភាពងាយស្រួលនិងមាន​សុវត្ថិភាព។ប្រព័ន្ធទូទាត់ឌីជីថលនេះនឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរនិងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់និងកាត់បន្ថយចំណាយប្រតិបត្តិការ។ជាងនេះទៅទៀតសម្រាប់ជំហានបន្ទាប់អតិថិជននៃសមាជិកបាគងទាំងអស់នឹងអាចធ្វើការទូទាត់ជាប្រាក់រៀល​ពីគណនីធនាគារ​តាមទូរស័ព្ទរបស់ពួកគាត់នៅក្នុងប្រទេសឡាវហើយប្រជាជនឡាវ​ក៏អាចធ្វើប្រតិបត្តិការស្កេនKHQR នៅកម្ពុជា បានយ៉ាងងាយស្រួលនាពេលខាងមុខនេះផងដែរ។

 

 

ធនាគារអេស៊ីលីដាភីអិលស៊ីមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន  (៤)  គឺ៖១) វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា២) អេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី៣) ធនាគារអេស៊ីលីដាឡាវលីមីតធីតនិង៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដាមីយ៉ាន់ម៉ាព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៣នេះធនាគារអេស៊ីលីដាភីអិលស៊ីមានទ្រព្យសកម្មសរុបចំនួនជាង៩,៣៣ប៊ីលានដុល្លារអាមេរិកសមតុល្យឥណទានសរុបចំនួន៦,៤០ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៦,៧៨ប៊ីលានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៣,៨៦លាននាក់។ធនាគារអេស៊ីលីដាមានចំនួនអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលច្រើនជាង២,៩៦លាននាក់និងមានដៃគូអាជីវកម្មច្រើនជាង០,២៧ លានដៃគូគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៣៕