ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ីសម្រេចបានជាង៥០០លានដុល្លារក្នុងឆ្នាំ២០២១

ភ្នំពេញ៖ទំហំពាណិ្ជកម្មកម្ពុជា និងម៉ាឡេស៊ី នៅក្នុងឆ្នាំ២០២១ សម្រេចបានក្នុង ទឹកប្រាក់ជាង៥០០​លានដុល្លារ កើនឡើង១៣,១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២១ ការនាំចេញ​ពីកម្ពុជា ទៅម៉ាឡេស៊ី សម្រេចបានទឹកប្រាក់ជាង១០១លានដុល្លារ កើនឡើង២,៦២​ ភាគរយ ខណៈដែល​ការនាំចូលពីម៉ាឡេស៊ីមកកាន់វិញមានទំហំទឹកប្រាក់ ជាង៣៩៩ លានដុល្លារ កើនឡើង១៦,១៦ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។​ នៅឆ្នាំ២០២០ កម្ពុជា នាំចេញទៅម៉ាឡេស៊ី មានតម្លៃ​ទឹកប្រាក់ជាង៩៨លានដុល្លារ និងនាំចូលមកវិញ មានតម្លៃជាង ៣៤៣ លានដុល្លារ។ ហើយតាមរបាយ​ការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)គិតត្រឹមឆ្នាំ២០២១ ម៉ាឡេស៊ីបានវិនិយោគនៅកម្ពុជា ជាង៣,១៥ ពាន់លានដុល្លារ។

នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ២០២២កាលពីថ្ងៃទី១៧ខែកុម្ភៈលោក សុខចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គលេខាធិការក.អ.ក. បានមានប្រសាសន៍ថា វាគឺជាការ ចាំបាច់ណាស់ ដែលកម្ពុជា ត្រូវតែមានការកែលម្អបរិស្ថាន វិនិយោគសំដៅជំរុញទាក់ទាញ ការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិជំងឺកូវីដ-១៩ដែលទាមទារឱ្យកម្ពុជាប្រកាន់យកនូវ អភិក្រមបុរេសកម្មជាងមុនក្នុងការជំរុញនិងទាក់ទាញវិនិយោគប្រកបដោយគុណភាពនិងចីរភាព។

លោកបានបញ្ជាក់ថា៖«ច្បាប់វិនិយោគនេះត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចបដិវត្តន៍ឧស្សាហកម្ម៤.០បរិវត្តកម្មឌីជីថលនិងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមាពីនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស»។

លោកមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ វិនិយោគិនម៉ាឡេស៊ីនឹងបានយល់កាន់តែ ច្បាស់និងស៊ីជម្រៅបន្ថែមទៀតពីច្បាប់នេះនិងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លោក អ៊ិលដិន ហ៊ូសៃនី ម៉ូត ហាស៊ីម ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេស ម៉ាឡេស៊ីប្រចាំកម្ពុជាយល់ឃើញថា ច្បាប់ស្តីពីវិនិយោគនេះបានបង្ហាញកាន់តែច្បាស់នូវការលើក ទឹកចិត្តដល់វិនិយោគិនក្នុងស្រុកនិងបរទេសហើយច្បាប់នេះក៏ផ្តោតសំខាន់លើនិន្នាការធុរកិច្ចសកលថ្មីៗដោយបានដាក់បញ្ចូលវិស័យឧស្សាហកម្មបៃតង, បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់។

លោកបានគូសបញ្ជាក់ថា៖«រាល់ប្បញ្ញត្តិក្នុងច្បាប់នេះសុទ្ធតែបង្ហាញពីកិច្ចសម្រួលតាមរយៈការលើកលែងពន្ធក្នុងកញ្ចប់លើកទឹកចិត្តនិងការការពារវិនិយោគសំដៅធ្វើឱ្យកាន់តែមានភាពងាយស្រួលរលូននិងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីចុះបញ្ជីសម្រាប់ក្រុមហ៊ុនវិនិយោគ ហើយច្បាប់ស្តីពីវិនិ យោគនេះនឹងទទួលបាននូវលទ្ធផលផ្លែផ្កានៅក្នុងរយៈពេលខ្លីខាងមុខហើយឯកឧត្តមមានជំនឿយ៉ាងមុតមាំទៀតថាតាមរយៈ​ច្បាប់នេះកម្ពុជាអាចច្បាមយកកាលានុវត្តភាពជាអតិបរមាក្នុង ការ ជំរុញវិនិយោគឱ្យកាន់តែមានសន្ទុះទៅមុខជាបន្តបន្ទាប់»។