ការដោះដូរទំនិញតាមព្រំដែនកម្ពុជា-ថៃនឹងកាន់តែមានសន្ទុះបន្ថែមទៀតជាមួយការដាក់ឱ្យប្រសើផ្លូវជាតិ​លេខ៥

ភ្នំពេញ៖ ការធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណមានប្រវែង ៨៤.៧៤​គីឡូម៉ែត បានបញ្ចប់ការសាងសង់១០០ភាគរយ នឹងជំរុញការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា​និងថៃ និង​ការប្រកួត​ប្រជែង​​ខ្លាំង សម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម​ និងសេដ្ឋ​កិច្ចរបស់អាស៊ាន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា ដោយមើលឃើញ ពីសារៈសំខាន់ និងភាពមមាញឹកនៃការដឹកជញ្ជូន នៅផ្លូវជាតិលេខ៥ រួមទាំងស្ថានភាពខូចខាតផ្លូវ ដែល​បង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា បានស្នើ​សុំហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ដើម្បីសាងសង់លើកកម្រិតគុណភាព ពង្រីកផ្លូវនេះឡើងវិញ។

លោកបានបញ្ជាក់ថា៖« ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពល ក្នុងការតភ្ជាប់ទំនាក់ទំនងរវាង​ខេត្ត​បាត់​ដំបង និងខេត្ត​បន្ទាយមានជ័យ ក៏ដូចជាទៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ ជាពិសេស ជាខ្សែផ្លូវយុទ្ធសាស្រ្តមួយ​ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ច្រកទ្វារប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ  ដោយឆ្លងកាត់ខេត្តចំនួន៥»។

លោកបានបន្តថា ផ្លូវជាតិជាតិលេខ៥នេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ាន High way លេខ១ AH1 ដែលបានតភ្ជាប់គ្នារវាងរាជ​ធានីភ្នំពេញ-ក្រុងបាងកក-ទីក្រុងហូជីមិញ និងជាខ្សែផ្លូវ ស្ថិតក្នុងរបៀង​សេដ្ឋ​កិច្ច​ខាងត្បូង ដ៏មានសក្តានុ​ពល​ និងការប្រកួតប្រជែងខ្លាំង សម្រាប់វិស័យទេសចរណ៍ា ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្មា​ និងសេដ្ឋ​កិច្ចរបស់អាស៊ាន ក៏ដូចជា មហាអនុតំបន់មេគង្គផងដែរ។

គម្រោង​ធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិ៥នេះ មានប្រវែងសរុប ៣៦៦គីឡូម៉ែត ចាប់ពីផ្តើមពីព្រែកក្តាម  រហូតដល់​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារ បែងចែកជា ៣កំណាត់ រួ​មមាន កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណមានប្រវែង ៨៤.៧៤គីឡូម៉ែត បានបញ្ចប់ការសាងសង់១០០ភាគរយ កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម មានប្រវែង ១៣៥.២៥ គីឡូម៉ែត សម្រេចបាន៦៤ភាគរយ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ កំណាត់​ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦គីឡូម៉ែត ក្នុងនោះ ធ្លាម្អម-បាត់ដំបង សម្រេចបាន ៥៦ភាគរយ    និងសិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធី ជ្រើសរើសក្រុមហ៊ុនសាងសង់៕