ភ្នំពេញ៖ កម្ពុជាបានធ្វើការនាំចេញនិងនាំចូលមានទំហំពាណិជ្ជកម្ម ២៧,២៤ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ខែនេះ កើនឡើង ២០,២ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ មានចំនួន ២២,៦៧ពាន់លានដុល្លារ។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករ សម្រាប់ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ចំនួន ១១,៣៧ពាន់លានដុល្លារ កើនឡើងខ្ពស់ក្នងអត្រា ៣៣,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ដែលមានត្រឹមតែចំនួន ៨,៤៩ពាន់លានដុល្លារ។ខណៈការនាំចូលមានតម្លៃ ១៥,៨៦ពាន់លានដុល្លារ កើនឡើង ១១,៩ភាគរយធៀបនឹងទឹកប្រាក់ ១៤,១៧ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារឹម កៅស៊ូ បំណែកគ្រឿងអគ្គីសនីនិងម៉ាស៊ីន ឈើ ធញ្ញជាតិ ផ្លៃឈើ ស្ពាន់ ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈវាយនភ័ណ្ឌកែច្នៃរួចផ្សេងទៀត…។ សម្រាប់មុខទំនិញនាំចូលសំខាន់ៗវិញមានដូចជា គុជខ្យងធម្មជាតិ ត្បូងមានតម្លៃ រ៉ែ យានយន្តគ្រប់ប្រភេទ គ្រឿងចក្រ អាលុយមីញ៉ូម ដែក ក្រដាស ឱសថ ស្បែកសត្វ និងជី ។ល។