ការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជាទៅអាមេរិកនៅបន្តមានកំណើនខ្ពស់

ភ្នំពេញ៖ កម្ពុជា​បាន​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ចំនួន៣០ភាគរយ ក្នុងចំណោម​បរិមាណ​នាំចេញ​សរុប​ដែលមាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង ១១,៣លាន​ដុល្លារ ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ២០២។

នៅក្នុង​ការពិភាក្សា​ការងារ អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី៧ ខែមីនា លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អះអាងថា ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក មាន​ចំនួន​រហូតដល់៣០ភាគរយ ដោយ​លោក​បាន​ចាត់ទុកថា នេះ​ជា​ចំនួន​ដ៏​ច្រើន​មួយ​បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ដទៃ​ផ្សេងទៀត បើទោះជា​ពិភពលោក​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​កូ​វីដ-១៩ក្តី។

លោក Patrick Murphy បានបញ្ជាក់​បន្ថែមថា៖«កំណើន​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ក៏​ជាការ​សបញ្ជាក់​ពី​ការ​សហការគ្នា​យ៉ាង​ល្អ​រវាង​កម្ពុជា-សហរដ្ឋអាមេរិក បើទោះបី​មាន​កិច្ចការងារ​មួយចំនួន​ខ្លះទៀត ដែលជា​បញ្ហា​ប្រឈម ត្រូវការ​ពេលវេលា​ដើម្បី​ជជែក​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ជាមួយគ្នា​បន្តទៀត»។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា-សហរដ្ឋអាមេរិក មាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ភាពជា​ដៃគូរ​ដែលនាំឱ្យ​មានការ​វិវត្តន៍​រីកចំរើន និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ដែលជា​កង្វល់​របស់​ភាគី​ពាក់ព័ន្ធ ដោយ​ឈរលើ​ស្មារតី​រួមគ្នា​ក្នុងការ​លើកកម្ពស់​សិទ្ធ​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ លក្ខខណ្ឌ​ការងារ អនុលោម​តាមច្បាប់​ស្តីពី​ការងារ និង​បទដ្ឋាន​ការងារ​អន្តរជាតិ។

លោក​បាន​បន្ថែមថា ក្រសួង​នឹង​បន្ត​ជម្រុញ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ផ្នែក​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ចូល​ជា​សមាជិក​នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​ទទួលបាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ហើយ​ក្រសួង​នឹង​រៀបចំ​ឱ្យមាន​ជា​អធិការកិច្ច​រួមគ្នា​រវាង​អធិការកិច្ច​ការងារ និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា។

ទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា(GMAC) បាន​បង្ហាញថា ក្នុង​រយៈពេល១២ខែ ចាប់ពី​ខែមករា ដល់​ធ្នូ ឆ្នាំ២០២១ ការនាំចេញ​ផលិតផល​កាត់ដេរ​មាន​ចំនួន ១១,៣៨៩.៦លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ១,៥០៥លាន​ដុល្លារ​អាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះ​សម្លៀកបំពាក់​មាន​ចំនួន ៨,០១៧លាន ស្បែកជើង ១,៣៩០លាន និង​ផលិតផល​ធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះ​គឺ​ផលិតផល​វាយនភ័ណ្ឌផ្សេងៗទៀត៕