ការបិទនាំចូលផ្លែមៀនពីថៃរបស់ ចិន ប៉ះពាល់ដល់ការនាំចេញផ្លែមៀនកម្ពុជា

ភ្នំពេញៈ​ មន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទបានថ្លែងអះអាងថារដ្ឋាភិបាលចិនបានប្រកាសបិតដោយគ្មានកាលកំណត់ នូវការនាំចូលផ្លែមៀនពីប្រទេសថៃ កាលពីថ្ងៃសុក្រ ទី១៣ សីហាកន្លងមកនេះ ដោយសារតែមូលហេតុ មានជាប់នៅលើផ្លែមៀននូវចៃម្សៅ ឬហៅថាក្រាម្សៅ។ ការណ៍នេះជាមូលហេតុធ្វើឱ្យរាំងស្ទះដល់ការនាំចេញ​ផ្លែមៀន​ប៉ៃលិនផងដែរ។

លោក ហ៊ាន វាន់ហ៊ន រដ្ឋលេខាធិការក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទបានសរសេរ​នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញថា រដ្ឋាភិបាលចិនបានប្រកាសបិតដោយគ្មានកាលកំណត់ នូវការនាំចូលផ្លែមៀនពីប្រទេសថៃ កាលពីថ្ងៃសុក្រ ទី១៣ សីហាម្សិលមិញនេះ ដោយសារតែមូលហេតុ មានជាប់នៅលើផ្លែមៀននូវចៃម្សៅ ឬហៅថាក្រាម្សៅ។ លោកថា បើនិយាយពីសុវត្ថភាពអាហារ ចៃនោះមិនបង្កជាតិពុលក្នុងផ្លែមៀននោះទេ តែបើនិយាយពី សន្តិសុខភូតគាមអនាម័យ ចៃម្សៅជាសត្វល្អិតចង្រៃ ដែលទីផ្សារអន្តរជាតិទប់ស្កាត់ ដែលករណីស្រដៀងគ្នានេះ នៅឆ្នាំ២០១៦ ចិនក៏ធ្លាប់បានកំទិចចោលផ្លែចេក ដែលនាំចូលមកពីប្រទេសហ្វីលីពីន និងហាមការនាំចូលម្តងរួចហើយ។

«ការបិតមៀនថៃ ក៏មានឥទ្ធពលលើ មៀនប៉ៃលិនរបស់កម្ពុជាដែរ គឺថៃប្រាកដជានឹងឈប់ទិញមៀនប៉ៃលិនពីកម្ពុជាយើង ដែលកន្លងមកគេទិញដើម្បី វិចខ្ចប់នាំចេញ (វិស័យឯកជនថៃ មានសមត្ថភាពខ្ពស់) ទៅប្រទេសចិនជាសំខាន់»។ នេះបើយោងតាមការបញ្ជាក់របស់លោក។

លោកថា ការដាំដុះក្នុងសម័យពាណិជ្ជកម្មសេរី (Free Trade/ WTO) ពិតជាទាមទារសមត្ថភាពខ្ពស់ មិនមែនគ្រាន់តែចេះដាំបានល្អនោះទេ តែពិសេសត្រូវតែយល់ច្បាស់នូវ លក្ខខ័ណ និងតម្រូវការទីផ្សារ។

លោកថ្លែងបញ្ជាក់ទៀតថា៖«សូមចាំថា ផលិតផលណាក៏ដោយ (ចេក ស្វាយ អង្ករ ….) ដែលអាចនាំចេញ និងកំពុងនាំចេញបានទៅកាន់ទីផ្សារអន្តរជាតិ ដោយការខិតខំចចាររបស់រាជរដ្ឋាភិបាល ដែលចរន្តនោះ ក៏អាចងាយបាត់បង់ទៅវិញ ដោយមូលហេតុ (1)សមត្ថភាពមានកម្រិតក្នុងការដាំដុះ ការវិចខ្ចប់ នាំចេញ ពិសេសមិនសុីជម្រៅលើលក្ខខ័ណនៃរបាំងមិនមែនពន្ធគយ (2) ភាពមិនស្មោះត្រង់ របស់អ្នកនាំចេញ ………។»

​បើ​តាម​សារព័ត៌មាន​ថៃ​ Bangkok ​Post​ ដកស្រង់សម្តីលោក ​Somdet ​Susomboon​ អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិរបស់ប្រទេសថៃ​ កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍​ថា​ រដ្ឋា​ភិបាល​ចិន​បាន​អនុវត្ត​ការ​ហាម​ឃាត់​នេះ​ដោយសារ​តែ​សត្វ​ល្អិ​តចង្រៃ​ត្រូវ​បាន​គេរ​កឃើញ​ក្នុង​ចំណោម​ការ​នាំ​ចេញ​មៀន​របស់​ថៃ​។​លោក​បាន​ចាត់​តាំង​អ្នក​តំណាង​ពាណិជ្ជ​កម្ម​នៅ​ប្រទេស​ចិន​ ដើម្បី​ស្វែង​រក​ការ​ពន្យា​ពេល​ចំពោះ​ការ​ហាម​ឃាត់​នេះ​ដោយ​សារ​តែ​វា​ត្រូវ​បាន​ដាក់​ចេញ​ក្នុង​ពេល​ដ៏​ខ្លី​បំផុត​។នេះ​បើ​តាម​កាសែត​ Bangkok​ Post​។

លោកថា​៖ ​«ប្រសិន​បើការ​ចរចា​បរាជ័យ​ការ​នាំ​ចេញ​ផ្លែ​មៀន​របស់​ថៃ​នឹង​រង​ផល​ប៉ះ​ពាល់​ព្រោះ​ការ​នាំ​ចេញ​មៀន​ថៃ​ ៧០-៨០% ​ត្រូវ​បាន​កំណត់​សម្រាប់​ប្រទេស​ចិន​។ ​នាយក​ដ្ឋាន​នេះ​នឹង​ស្វែង​រក​ទីផ្សារ​សក្តានុពល​នៅ​អាស៊ី​អាគ្នេយ៍​ដើម្បី​ទូ​ទាត់​សង​»។

កាលពី​ថ្ងៃទី ១២ សីហា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ដល់​អ្នក​នាំចេញ​ផ្លែមៀន​ប៉ៃលិន​ឱ្យ​បង្វែរ​ពី​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​វៀតណាម បន្ទាប់​ពី​​ថៃមិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​មៀន​ប៉ៃលិនរបស់​កម្ពុជាតាម​​ច្រក​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​២​។​

ដើម្បី​ចូល​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិត​ផល​មៀន​ប៉ៃលិន​ដែល​កំពុង​ប្រឈម​នឹង​របាំង​ភូតគាម​អនាម័យ និង​បញ្ហា​ប្រឈម​នានា​បង្កឡើង​ ដោយ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​ ក្រសួង​កសិកម្ម​សូម​ធ្វើការ​អំពាវនាវ​ដល់​អ្នក​នាំចេញ​គួរ​បង្វែរ​ទៅរក​ទីផ្សារ​ប្រទេស​វៀតណាម ​ព្រោះ​ភាគី​ទាំង​ ២ ​បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​រួច​ហើយ​។នេះ​បើ​តាម​ក្រសួង​កសិកម្ម​៕

Leave a Reply

Your email address will not be published. Required fields are marked *