ការប្រកួត​កីឡា​ទូកក្ដោង​ជើងឯក​អាស៊ាន គឺជា​សញ្ញា​ដ៏​ល្អ នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​កីឡា​អូឡាំពិក​យុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​កម្ពុជា​


​ភ្នំពេញ​៖ ការប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នៅ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ បាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត និង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​វត្តមាន​ចូលរួម​ពី​សំណាក់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​ទាំង ៣​ប្រទេស​ផងដែរ​។​


​លោក Chan Khun Sing Joseph អ្នកគ្រប់គ្រង​គណៈកម្មកា​រ​ប្រកួត និង​ជា​តំណាង​ប្រទេស​សហ​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ខាងលើ បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ​ការប្រកួត​នេះ​ឡើង ដែល​លោក​ចាត់ទុកជា​សញ្ញា​ដ៏​ល្អ សម្រាប់​ការអភិវឌ្ឍ​វិស័យ​កីឡា​ទូកក្ដោង​កម្ពុជា ឈានឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ក៏ដូចជា​ការប្រកួត​កីឡា​អូឡាំពិក យុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​កម្ពុជា​។​


​អ្នកជំនាញ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំៗ​រូបនេះ អះអាងថា ដំបូង​ឡើយ​មាន​អត្ត​ព​លិ​កជាង ១០​ប្រទេស​ត្រៀម​ចូលរួម តែដោយសារ​បញ្ហា​ឥត​ព្រៀងទុក នៃ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ នៅ​នាទីចុងក្រោយ បានធ្វើ​ឲ្យ​ពួកគេ​ខកខាន​ទៅវិញ បន្ទាប់ពី​ការលុបចោល​ជើងហោះហើរ​មក​កម្ពុជា​។ តែ​យ៉ាង លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រកួត​លើក​ក្រោយ ប្រទេស​ទាំងអស់ នឹង​បាន​ចូលរួម​ការប្រកួត​នៅ​កម្ពុជា​ទាំងអស់គ្នា​។​


​លោក​មាន​សុទិដ្ឋិនិយម​ថា «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រកួត​ទូកក្ដោង​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នៅ​កម្ពុជា​នេះ គឺជា​សញ្ញា​ដ៏​ល្អ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ទូកក្ដោង​កម្ពុជា ដើម្បី​ឈានឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​កីឡា​អូឡាំពិក យុវជន​អាស៊ី ឆ្នាំ​២០២៩»​។ លោក​បាន​ប្រាប់​កីឡាករ​-​កីឡាការិនី​ទាំងអស់ អោយធ្វើ​ការប្រកួត​ដោយ​ភាពកក់ក្ដៅ និង​សប្បាយរីករាយ ហើយ​ពេល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ សូម​ប្រាប់​ទៅ​មិត្ត​ភ័ក្ដ្រ បងប្អូន​ខ្លួន​ថា តើ​ទីក្រុង​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​កម្ពុជា ស្រស់ស្អាត​ប៉ុណ្ណា​ទៀតផង​។​
​លោក ថោង ខុន បាន​ថ្លែង​សារ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ទាំង ៣​ប្រទេស រួមមាន​កម្ពុជា សិង្ហ​បុរី និង​ម៉ាឡេស៊ី ដែល​បាន​ចូលរួម​ការប្រកួត​ផ្ទាល់ នៅ​ខេត្ត​ព្រះសីហនុ ពិសេស​ឯកឧត្តម បាន​ថ្លែងអំណរគុណ រាជរដ្ឋាភិបាល ដែល​បាន​គាំទ្រ និង​អនុញ្ញាត​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ​ឡើង ដើម្បី​ជាការ​ធ្វើតេស្ដ​ទីលាន និង​វាស់​ស្ទង់ ក៏ដូចជា​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​កម្ពុជា សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ដ្រ លើកដំបូង​នៅ​កម្ពុជា​។​


​លោក គួច ចំរើន បានបង្ហាញ​នូវ​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ដែល​បានជ្រើសរើស​ខេត្ត​ព្រះសីហនុ រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ពិសេស​ការកំណត់​ទីតាំង​នេះ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ តាមរយៈ​នេះ ក្នុងនាម​រដ្ឋបាលខេត្ត ឯកឧត្តម​បាន​ប្ដេជ្ញា​គាំទ្រ លើកទឹកចិត្ត និង​សហការ​គ្រប់បែបយ៉ាង ទាំង​សន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេស​ការទទួល​បដិសណ្ឋារកិច្ច ដើម្បី​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​នេះ ដំណើរការ​ប្រកួត​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ដ៏​ល្អប្រសើរ​។​


​ការប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ គឺមាន​អត្ត​ព​លិ​ក ៣​ប្រទេស​ចូលរួម ស្មើនឹង​កីឡាករ​-​កីឡាការិនី ២៧​រូប ដែល​ត្រូវ​ប្រកួត​លើ ៥​វិញ្ញាសា នៅ​តំបន់ឆ្នេរ​សុខា ខណៈ​ការប្រកួត​ផ្លូវការ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ​។ ការប្រកួត​នេះ សហការ​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និង​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ CAMSOC៕