ការមកដល់នៃភ្ញៀវទេចរបរទេសមកកម្ពុជាធ្លាក់ចុះជាង៩០ភាគរយនៅឆមាសទី១

ភ្នំពេញៈ ស្ថាន​ការណ៍​នៃ​ការ​អូស​បន្លាយ​ពេល​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ មាន​ប្រមាណ​ត្រឹម​ជាង ១០​ម៉ឺន​នាក់ ​ធ្លាក់​ចុះយ៉ាង​គំហុកបើ​ធៀប​​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២០។

របាយ​ការណ៍​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២១ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា(NBC) បង្ហាញ​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​ ១០,៨​ម៉ឺន​នាក់ ធ្លាក់​ចុះ ៩០,៨​ភាគរយ​បើ​ធៀប​​ឆមាស​ទី​១ ឆ្នាំ​២០២០ ដែល​មាន​ចំនួន ១,១៨​លាន​នាក់​។ ក្នុង​នោះ​​ភ្ញៀវ​ជន​ជាតិ​ចិន​ដែល​មាន​ចំនួន ២៧៥ ៦៧១​នាក់ (ច្រើន​ជាង​គេ) កាល​ពី​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​​​​ធ្លាក់​ចុះ​ ៨៧,៨​ភាគ​រយ។

យោង​តាម​ NBC ភាព​មិន​ច្បាស់​លាស់​នៃ​សេដ្ឋកិច្ច​ពិភព​លោក និង​ការ​រីក​រាល​ដាល​ជំងឺកូវីដ​១៩ ជា​ពិសេស​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០​ កុម្ភៈ ដែល​នាំ​ឱ្យ​មាន​ការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ បាន​បន្ត​ប៉ះ​ពាល់​ដល់​សកម្ម​ភាព​សេដ្ឋកិច្ច និង​ទស្សន​វិស័យ​កំណើន​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១ នេះ​ ពិសេស​វិស័យ​ទេសចរណ៍​ដែល​ត្រូវ​ការ​រយៈ​ពេល​យូរ​សម្រាប់​ការ​ងើប​ឡើង​វិញ​។

ក្នុង​គោល​បំណង​​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​កម្រើក​ឡើង​វិញ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កាល​ពី​ដើម​ខែមេសា ឆ្នាំ​២០២១ បាន​​ស្នើ​សុំ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ពិចារណា​ពី​ការ​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ដែល​​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ រួច​ហើយ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូល​មក​ទស្សនា​គោល​ដៅ​ទេសចរណ៍​សៀមរាប-​អង្គរ ចាប់​ពី​ត្រីមាស​ទី៤ ឆ្នាំ​២០២១ តទៅ។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប ១ ៣០៦ ១៤៣ នាក់ ធ្លាក់ចុះ ៨០,២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​ចំនួន ៦ ៦១០ ៥៩២ នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *