ការមកដល់នៃ​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជាបន្តធ្លាក់ចុះជិត៩០ភាគរយ

ភ្នំពេញៈ កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរ​ចំនួន ១៣១ ៦៧៤​នាក់ ធ្លាក់​ចុះ ៨៩,៤​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ១ ២៤៧ ៦៨០​នាក់ ដោយសារតែការបន្តអូសបន្លាយនៃការរីករាលដាល​ជំងឺកូវិដ១៩ ។

បើ​យោង​តាម​ទិន្នន័យពីក្រសួងទេចរណ៍ សម្រាប់ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​មាន​ចំនួន ៦៣ ០៥០នាក់ ស្មើ​នឹង ៤៧,៩​ភាគ​រយ និង​ផ្លូវ​គោក-ទឹក ចំនួន ៦៨ ៦២៤​នាក់ ស្មើនឹង ៥២,១​ភាគ​រយ។

​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ថៃ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ច្រើន​ជាង​គេ ដោយ​មាន​ចំនួន ៦៤ ៤៥៩​នាក់ ស្មើ​នឹង ៤៩​ភាគ​រយ​នៃ​ចំនួន​សរុប ជន​ជាតិ​ចិន ៣៧ ១៩៧​នាក់, វៀតណាម ៧ ៦៤៩​នាក់, ឥណ្ឌូនេស៊ី ៤ ២១១​នាក់, កូរ៉េ ២ ៩៨៩​នាក់, អាមេរិក ២ ៩៣៤​នាក់, ចិន​តៃប៉ិក ២ ៤៣៤​នាក់, បារាំង ១ ៦២៤​នាក់, ម៉ាឡេស៊ី ១ ៣៣៦​នាក់ និង​ជប៉ុន ១ ២២០​នាក់។

ដោយ​ឡែក​សម្រាប់​ខែ​កញ្ញា ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា មាន​ចំនួន​សរុប ៩ ៩៦៧​នាក់ ធ្លាក់​ចុះ ៥២,៨​ភាគ​រយ​ធៀប​ខែ​កញ្ញា ឆ្នាំ​២០២០ ដែល​មាន​ចំនួន ២១ ១៣៧​នាក់។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មានប្រសាសន៍ថា ក្តី​បារម្ភ​ពី​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ​១៩ គឺ​ជា​មូល​ហេតុ​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរធ្លាក់​ចុះ ប៉ុន្តែ​ចំនួន​នេះ​នឹង​មាន​សម្ទុះ​ឡើង​វិញជា​បណ្តើរៗ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ​សម្រេច​ដក​ចេញ​នូវ​វិធាន​ការ​ធ្វើ​ចត្រាឡី​ស័ក​សម្រាប់​ភ្ញៀវ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់។

លោក​បញ្ជាក់​ថា៖​«នេះ​គឺ​ជា​ពន្លឺ​ទាំង​សម្រាប់​ជន​បរទេស​ដែល​ចង់​ធ្វើ​ដំណើរ​មក​កម្ពុជា និង​សម្រាប់​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ​»។

លោក​បន្ថែម​ទៀត​ថា ៖«​ដើម្បី​ឱ្យ​វិស័យ​នេះ​មាន​និរន្តរភាព​រឹង​មាំ ទាំង​រដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាជន​ទាំង​អស់​ត្រូវ​តែ​ចូល​រួម​ឱ្យអនុវត្ត​ឱ្យ​បាន​ហ្មត់ចត់​នូវ​វិធានការ​នានា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩»​។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ «ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន ស្ទឹង​ត្រង់-ក្រូចឆ្មារ» កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា លោក​ ហ៊ុន សែន បាន​និយាយ​​​ថា ការ​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ​១៩ ក្នុង​សហគមន៍ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរបរទេស​ចាក់​វ៉ាក់សាំង​ចាប់​ពី​ចុង​ខែ​នេះ​តទៅ។ ​ការ​បើក​ប្រទេស​ឡើង​វិញ​នា​ពេល​ខាង​មុខ​ឆាប់ៗ នេះ(ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា) លោក​មាន​ជំនឿថា​នឹង​មិន​មាន​ការ​បោះ​ជំហ៊ាន​ថយ​ក្រោយ​វិញ​​ទេ​ ព្រោះ​បច្ចុប្បន្ន​អត្រា​នៃ​ចំនួន​ប្រជាជន​នៅ​កម្ពុជា​ចាប់​វ៉ាក់សាំង​បានគ្រប​ដណ្តប់​រហូត​ដល់​ជាង ៨៨​ភាគ​រយ​រួច​ទៅ​ហើយ​។​

លោក​បន្ថែម​ថា ជាក់​ស្តែង​ការ​បើក​ឱ្យ​ប្រជាជន​ក្នុង​ស្រុក​ដើរ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ភ្ជំ​បិណ្ឌ និង​អុំ​ទូក នា​ពេល​ថ្មីៗ​នេះ គឺ​មិន​បាន​ធ្វើ​ឱ្យ​អត្រា​នៃ​ការ​ឆ្លង​ជំងឺកូវីដ​១៩ ហក់​ឡើង​នោះ​ទេ។

ក្នុង​ឆ្នាំ​២០២០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ១ ៣០៦ ១៤៣ នាក់​ធ្លាក់​ចុះ ៨០,២ ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន ៦ ៦១០ ៥៩២​នាក់​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍៕