ការ​ស្កេ​ន QR​សម្រាប់​ការទូទាត់​ឆ្លងដែន​រវាង​កម្ពុជា និង​ថៃ​កើន​ដល់ ៥២​លាន​រៀល​ក្នុង​មួយថ្ងៃ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៣ កន្លងមកនេះ ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារជាតិ​ថៃ​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុងការ​ទូទាត់​ឆ្លងដែន រវាង​កម្ពុជា និង​ថៃ ដែល​អនុញ្ញាត​ឲ្យ​ជនជាតិ​ថៃ​ដែល​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា អាច​ស្កេ​ន​ទូទាត់​ទិញ​ទំនិញ ឬ​សេវាកម្ម​ផ្សេង តាមរយៈ QR បាន​ដូចគ្នា​នឹង​ជនជាតិខ្មែរ​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដែរ ។

​គិត​មកទល់ពេលនេះ​មាន​រយៈពេល​ជាង ៣​ឆ្នាំ​ហើយ ដែល​ប្រទេស​កម្ពុជា និង​ថៃ បានអនុញ្ញាត​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន តាមរយៈ​ការ​ស្កេ​ន QR ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល នៅ​កម្ពុជា​ស្កេ​ន​ទូទាត់​នៅក្នុង​ប្រទេស​ថៃ​បាន​រហូតដល់ ៥២​លាន​រៀល​នៅក្នុង​មួយថ្ងៃៗ រីឯ​ចំនួន​ប្រតិបត្តិ​ការទូទាត់​ក្នុង​មួយថ្ងៃ គឺ​មិនត្រូវ​បានកំណត់​នោះទេ​។​


​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ចាប់តាំងពី​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ត្រូវបាន​អនុញ្ញាត​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​ជាមួយ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​មក​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។
​ដោយសារ​អ្នកប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល ស្កេ​ន QR ទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​នានា​នៅក្នុង​ប្រទេស​ថៃ បាន​រហូតដល់​ទៅ ៥២​លាន​រៀល​ក្នុង​មួយថ្ងៃ ។ គិត​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០២០ រហូតដល់​ខែឧសភា ឆ្នាំ​២០២៣ ចំនួន​ប្រតិបត្តិ​ការទូទាត់​មាន​ដល់​ទៅ ៩,៥៥៥ និង​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២៧​លាន​បាត ។​
​លោក​បណ្ឌិត​បាន​ជម្រាប​បន្ថែមទៀតថា ឥ​ទ្បូ​វ​នេះ​កម្ពុជា​បានទទួល​ការ​ស្កេ​ន​ទូទាត់​ពី​អតិថិជន​នៃ​ធនាគារ​ពី​ប្រទេស​ថៃ​មក​ស្កេ​ន​នៅលើ KHQR​របស់​ពាណិជ្ជករ​ធនាគារ​នីមួយៗ​នៅ​កម្ពុជា ដែលជា​សមាជិក​Bakong បាន​ហើយ ដែល​បច្ចុប្បន្ន​សមាជិក​របស់​Bakong​មាន​ចំនួន​សរុប ៤៨​ធនាគារ​/​ស្ថាប័ន​។​
​លោក​បានធ្វើ​ការបញ្ជាក់​បន្ថែមទៀតថា ដើម្បី​អាច​ស្កេ​ន​ទូទាត់​ឆ្លងដែន​ពី​កម្ពុជា នៅ​ប្រទេស​ថៃ​បាន អតិថិជន​ត្រូវមាន​គណនី​ជា​ប្រាក់រៀល ហើយ​ពាណិជ្ជករ​ថៃ​(Merchant) ត្រូវមាន​ស្លាក​សញ្ញា ThaiQRPromptpay​របស់​ធនាគារ​ចំនួន​ប្រាំ​នៅ​ប្រទេស​ថៃ​មានដូចជា​៖ Kasikorn Bank, KrungThai Bank, Bangkok Bank, Bank of Ayudhya​និង Siam Commercial Bank​។
​លោក​បានបញ្ជាក់​បន្តទៀត​ថា នៅ​ប្រទេស​កម្ពុជា មាន​ធនាគារ​ទំនាក់ទំនង​(Sponsoring Banks)​ចំនួន​បី មានដូចជា​៖ACLEDA Bank Plc, Cambodia Commercial Bank (CCB)​និង Foreign Trade Bank (FTB) សម្រាប់​គាំទ្រ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ស្កេ​ន​ទូទាត់​ឆ្លងដែន​ទៅមក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​។​
​សូមបញ្ជាក់ថា ចំពោះ​កម្រៃ​សេវា​សម្រាប់​ប្រតិបត្តិការ​ស្កេ​ន​ទូទាត់​ឆ្លងដែន​រវាង​ខែ្មរ ស្កេ​ន ថៃ និង​ថៃ ស្កេ​ន ខ្មែរ គឺ​មិន​គិតថ្លៃ​សេវា​ឡើយ​៕