កា​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​E-Commerce នឹង​អនុវត្តចាប់​ពី​ដើមខែ​មេសា ឆ្នាំ​២០២២

ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ(GDT) បាន​​​ក្រើន​រំលឹក​ដល់​អ្ន​កជាប់​ពន្ធពាក់​ព័ន្ធនឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែមថា ការ​អនុវត្តអាករ​លើ​តម្លៃ​បន្ថែម​សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​​អេឡិច​ត្រូនិក (E-Commerce) នឹង​​ត្រូវ​អនុវត្តចាប់​ពី​ថ្ងៃ​០១ ខែ​មេសា ឆ្នាំ​២០២២ ត​ទៅ​ ខណៈ GDT បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​​​ជា​ច្រើន​​សម្រាប់​ដាក់​ឱ្យ​អ្នក​ជាប់​ពន្ធ​អនុវត្ត។​

នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ស្តីពី​«ការ​អនុវត្តអាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​​អេឡិច​ត្រូនិក (E-Commerce)» ដែល​រៀបចំ​​ដោយ​អគ្គនាយដ្ឋាន​ពន្ធដារ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក អេង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​អ្នក​ជាប់​ពន្ធ​ធំ នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ បាន​លើក​ឡើងថា ការ​បញ្ជាប​ចំណេះដឹង​​ដល់​អ្នក​ជាប់​ពន្ធ​ពាក់​​ព័ន្ធ​នឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្រ្ត​កៀរគរ​ចំណូល​ ២០១៩-២០២៣ ដែល​រាជរដ្ឋាភិបាល​មាន​គោល​នយោ​បាយ​​មិន​បង្កើន​អត្រា​ពន្ធ ឬ​បង្កើត​ពន្ធ​​ថ្មី ដោយ​ត្រូវ​ពង្រឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ដែល​​មាន​ស្រាប់ និង​ពង្រឹង​ការ​គ្រប់​គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​អស់​សក្តានុពល​។​

លោក​បន្ថែម​ថា ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែមចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២ ខាង​មុខ​នេះ​ត​ទៅ​។​

បើ​តាម​ លោកអេង រតនា កាតព្វកិច្ច​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ ប្រកាស​ដាក់​ចេញ​តាម​រយៈ​សេចក្តី​ណែនាំ​លេខ ២០៥២២ អពជ ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០២១ ៕